ភ្នំពេញៈ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកទឹកកកបើកបុកពីក្រោយទាំងកំរោលអូសម៉ូតូជាង៧០ម៉ែត្រកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុច មុខវត្តតាំងក្រសាំង តាមបណ្តោយផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់សង្កាត់ក្រាំងអង្ក្រងខណ្ឌសែន ក៏បន្តបុករ៉ឺម៉ក និងម៉ូតូមួយគ្រឿងទៀត បណ្តាលរងរបួសធ្ងន់ស្រាល២នាក់ ហើយរថយន្តបង្កនៅមិនព្យាមឈប់ទទួលខុស ត្រូវក៏បន្តទៅបើកគេចខ្លួនទៀតរហូតទៅដល់វត្តជុំ ទើបកម្លាំងសមត្ថកិច្ចស្ទាក់បានរួមទាំងតៃកុង។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះម៉ៅ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបូរីពិភពថ្មី មានស្រុកកំណើត ភូមិអង្គឃុំកសរ ស្រុកមេសាងព្រៃវែង។ ចំណែកជនរងគ្រោះដែលរបួសបាក់ជើងឈ្មោះ និង ខេមរា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបុគ្គលិកពេទ្យ ស្នាក់នៅសង្កាត់វត្តភ្នំ ភូមិតាត្រាវ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1A-9169 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកូរ៉េប្រភេទរថយន្តដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G-3380 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាជាមួយម៉ូតូបានមកបុកពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូរងរបួសបាក់ជើងម្ខាងចំណែកម៉ូតូគាបជាប់ក្រោមរថយន្តអូសជាង៧០ម៉ែត្រ។
សាក្សីដដែលបានបន្តថា បន្ទាប់បុករួចបានព្យាយាមបើករត់បានប្រហែល៧ម៉ែត្រ ទើបទម្លាក់ម៉ូតូចោលហើយក៏ព្យាយាមបើកគេចខ្លួនទៀតរហូតទៅដល់សង្កាត់ក្រាំងអង្ក្រង ខណ្ឌសែនសុខ ក៏ជ្រុលបុករ៉ឺម៉កមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសម្នាក់។
បន្ទាប់ពីរថយន្តបង្កបានបង្កគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងហើយមួយកន្លែងទៀតនៅមិនព្រមឈប់ក៏បន្តដំណើរគេចខ្លួនទៀតរហូតដល់វត្តជុំ សង្កាត់ឃ្មួញ ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការពួនស្ទាក់ឃាត់បានទាំងរថយន្តនិងម្ចាស់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងជនបង្កទៅនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕
https://youtu.be/lwu1yGBOQtI
មតិយោបល់