ភ្នំពេញៈ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចសំណង់អគារខុនដូរមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវថ្មី ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបាក់ដងស្ទូចសំណង់អគារខុនដូរខ្ពស់មួយកន្លែង ធ្លាក់សង្កត់ត្រូវចំអេស្កាវ៉ាទ័រ និងរថយន្ត១គ្រឿង របស់ស្ថានទូតអាមេរិក។
ហេតុការណ៍នេះ បណ្តាលឲ្យមន្រ្តីស្ថានទូតជាស្ត្រីម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញ ក្រុមការងារខាងបច្ចេកទេស កំពុងធ្វើការស្ទូចបាសាំងដែកចំនួន៥-៦កង់ ត្រង់ចំណុចខាងលើ នៅពេលស្ទូចនោះ ស្រាប់តែបាក់ដងស្ទូច វ័ធមកចំអេស្តាវ៉ាទ័រ១គ្រឿង និងបាក់សង្កត់មកចំរថយន្ត១គ្រឿងទៀតរបស់ស្ថានទូតអាមេរិក ដែលកំពុងបើកបរតាមដងផ្លូវ បណ្តាលឲ្យខ្ទាតអំបែងកញ្ចក់ ត្រូវចំមុខមន្ត្រីស្ថានទូត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ធ្វើការឃាត់ខ្លួនអ្នកបើករថយន្តស្ទូចម្នាក់ រួមទាំងមេការជនជាតិចិន និងកម្មករជនជាតិចិនម្នាក់ទៀត យកទៅធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់