ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ-សាលា បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករលក់ដូរសរុបចំនួន ១,០៧៥ នាក់ នៅក្នុងអនុវិទ្យាល័យខ្ជាយ, វិទ្យាល័យ ហ៊ុន សែនប្រសូតិ និងផ្សាប្រសូតិ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ ស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល និងផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម។ល។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល បានត្រួតពិនិត្យផលិតផលម្ហូបអាហារចំនួន ៣២ គំរូដែលដាក់តាំងលក់នៅក្នុងសាលា និងផ្សារ នឹងបានណែនាំដល់អាជីវករ អំពីអនាម័យនៃការដាក់តាំងលក់ម្ហូបអាហារ ត្រូវពិនិត្យផលិតផលរបស់ខ្លួនជាប្រចាំ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ជៀសវាងដាក់លក់ទំនិញ ដែលមានចម្លងមេរោគ ខូចគុណភាព ឬទំនិញងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្អូនៗ ដែលជាអ្នកបរិភោគ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ក្នុងលតអង្ក និងនំបាញ់ឌុក សរុបចំនួន ៧ គីឡូក្រាម នៅក្នុងផ្សារប្រសូតិ។ មន្រ្តីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ មករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់