ព័ត៌មានជាតិ

ថ្លើមធំ! កាន់ដកទឹកសុទ្ធបង្កប់ថ្នាំញៀន២កញ្ចប់ ចូលឲ្យទៅជួបសាច់ញាតិកំពុងជាប់ឃុំ ឆែកឃើញឃាត់បាន២នាក់

ភ្នំពេញ: ថ្លើមធំ កាន់តែហ៊ានជ្រុលពេកហើយ កាន់ដបទឹកសុទ្ធមានបង្កប់ថ្នាំញៀនចំនួន២កញ្ចប់ សុំសមត្ថកិច្ចចូលយកទៅឲ្យសាច់ញាតិជាជនសង្ស័យ សមត្ថកិច្ចចាប់ខ្លួន ហើយកំពុងជាប់ឃុំនៅក្នុងផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ នគរបាលប្រចាំការឆែកត្រួតពិនិត្យ ឃើញ ឃាត់ខ្លួនបានទាំង២នាក់តែម្តង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ សេង ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់ថ្នាំញៀន ២កញ្ចប់ ។ ទី២ ឈ្មោះ សោម មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ។

តាមនគរបាលបានឲ្យដឹងថា ខណ:ដែល កម្លាំងនគរបាល កំពុងនៅជុំគ្នា ក្នុងនោះវត្តមានប្រចាំការ របស់លោក វរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកគ្រឿងញៀន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម្នាក់មួយគ្រឿង មានកាន់យួរទឹកសុទ្ធ២ដប ទឹកដូង២ដប ច្រកចងដៃយួរ កាន់ទៅសុំនគរបាល ដែលប្រចាំការ សុំយកទឹកសុទ្ធចូលឲ្យសាច់ញាតិ ដែលសមត្ថកិច្ចចាប់ខ្លួន៤នាក់ រឿងគ្រឿងញៀន៥៧កញ្ចប់ កាលពីម្សិលមិញនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង តែមន្ត្រីប្រចាំការ សុំធ្វើការត្រួតពិនិត្យ កញ្ចប់ ថង់ ដបទឹក ស្រាប់តែប្រទះឃើញ មានថ្នាំញៀន១កញ្ចប់ បង្កប់នៅដបទឹកសុទ្ធ និងមួយកញ្ចប់ទៀត បង្កប់ក្នុងមួក របស់ជនសង្ស័យឈ្មោះ សេង ជឿន ផ្ទុះឆោឡោ បម្រុងស្ទុះចេញ សមត្ថកិច្ចចាប់ជាប់ទាំង២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ។

តាមមន្ត្រីនគរបាលប្រចាំការ បានឲ្យដឹងថា ផ្អែកតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកអធិការខណ្ឌពោធិសែនជ័យ ឲ្យត្រួតពិនិត្យ រាល់កញ្ចប់ សម្ភារ: បាយ ទឹក ដែលសាច់ញាតិ សុំយកទៅឲ្យជនជាប់ឃុំ ដើម្បីធានាសុវត្តិភាព ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ សុំចូលយកទឹកឲ្យ សាច់ញាតិកំពុងជាប់ឃុំ ពាក់ព័ន្ធគ្រឿងញៀន តែត្រួតពិនិត្យ លើដបទឹកសុទ្ធ ស្រាប់តែប្រទះឃើញមានថ្នាំញៀនមួយកញ្ចប់ នៅជាប់មួកមួយកញ្ចប់ទៀត សរុប២កញ្ចប់ នៅចំពោះមុខ អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀនផ្ទាល់ ក៏ឃាត់ខ្លួនតែម្តង ។

តាមចម្លើយសារភាព ជនសង្ស័យ ឈ្មោះ សេង ជឿន បានឲ្យដឹងថា ពិតជាថ្នាំញៀនខ្លួនយកមកមែន គោលបំណងយកឲ្យក្មួយ កំពុងជាប់ឃុំខាងក្នុង ៕

 

មតិយោបល់