ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់សង្ស័យត្រូវក្រុមចោរធ្វើសកម្មភាពសម្លាប់ប្លន់យករថយន្ត រួចប្លុងសពចោលនៅក្រោមស្ពានគោល!

កំពង់ធំៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុ។

ហេតុការណ៍ប្រទះឃើញនេះនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ ក្រោមស្ពានគោលខាងកើត ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន ឡាវី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅបច្ចុប្បន្នផ្ទះលេខ9បេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា មានប្រជាពលរដ្ឋឈ្មោះ សៅ ឆុន ស្នាក់នៅ ភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង បានរាយការណ៍ព័ត៌មានប្រាប់សមត្ថកិច្ចថា បានប្រទះឃើញសាកសពបុរសខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យ។

ក្រោយពីពិនិត្យលើសាកសពរួចមក សមត្ថកិច្ចសន្និដ្ឋានថា សង្ស័យជា ករណីអំពើឃាតកម្ម ប្រហែលដើម្បីប្លន់យករថយន្តរបស់ជនរងគ្រោះ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្តទៀត៕

មតិយោបល់