កោះកុងៈ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែល ឈ្លោះប្រកែកគ្នារវាងភ្ញៀវជាមួយនារីម៉ាស្សាឈានទៅដល់ការផ្ទុះអាវុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញពីហាងម៉ាស្សា ព្រោះតែគ្មានលុយឲ្យថ្លៃម៉ាស្សា។
ជនសង្ស័យឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា។
ដំណើររឿង៖ កាលពីថ្ងៃកើតហេតុ ជនសង្ស័យមិនស្រួលខ្លួនរសេះរសោះ ក៏សម្រេចចិត្តទៅកោសខ្យល់នៅហាងម៉ាស្សា លីលី ពេលចូលដល់ក្នុងបន្ទប់ជនសង្ស័យបានដោះអាវឲ្យគេកោសខ្យល់ ស្រាប់តែនារីកោសខ្យល់ដែលចូលក្នុងបន្ទប់ជាមួយ ស្ទាបអង្អែលខ្លួនប្រាណនិងលូកដៃចាប់ប្រដាប់ភេទជនសង្ស័យ ហើយរូបគេក៏មើលមុខនារីនោះដឹងថាជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) ក៏ហាមឃាត់និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយប្រតប់គ្នាដាច់ឡេវអាវរហែកព្រមទាំងដាច់សាច់បំពង់ក ព្រោះតែនារីខ្ទើយនោះខ្វាចនឹងក្រចក ធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង បន្ទាប់មកបានចេញក្រៅបន្ទប់ បម្រុងយកម៉ូតូពីកន្លែងកើតហេតុ តែអ្នកនៅហាងមិនព្រមឲ្យយកម៉ូតូចេញ ហើយទាមទារលុយចំនួន១០ម៉ឺនរៀល តែជនសង្ស័យសុំសម្រួលត្រឹម១ម៉ឺន៥ពាន់រៀល ប៉ុន្តែអ្នកនៅហាងម៉ាស្សាមិនព្រម ទើបពេលនោះជនសង្ស័យខឹងខ្លាំង សម្រេចចិត្តទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គម្រាមនៅកន្លែងកោសខ្យល់ចំនួន ០៦គ្រាប់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។
ក្រោយពេលបាញ់រួចជនសង្ស័យបានយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យមានគេដឹង រួចក៏ទៅសម្ងំលាក់ខ្លួនគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ១យប់ បន្ទាប់មកគេចទៅលាក់ខ្លួននៅខេត្តឧត្តមមានជ័យ៤ថ្ងៃ ហើយប្តូរមកលាក់ខ្លួននៅខណ្ឌឬស្សីកែវវិញបាន០២ថ្ងៃ ចុងក្រោយបានរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង៕
មតិយោបល់