ព័ត៌មានជាតិ

ដើរឆ្លងផ្លូវលើកទាំងដៃជាសញ្ញាហើយ នៅតែរថយន្តបែនដឹកដីបើកបុកស្លាប់ពេលដឹកយកទៅសង្គ្រោះ

ភ្នំពេញៈ យុវជនម្នាក់ខណៈដែលដើរឆ្លងកាត់ទទឹងផ្លូវ លើកទាំងដៃជាសញ្ញា សូមក្តីមេត្តាដោយអនុគ្រោះប៉ុណ្ណឹងហើយ ត្រូវបានរថយន្តបែនដឹកដី បើកបុកស្លាប់ពេលដែលរថយន្តគ្លីនិកឯកជនរស្មី ដឹកយកទៅ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវសម្តេច ជា សុីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុជាង២០ឆ្នាំ ជាក់អាវយឺតសលាយ ខៀវ ដៃខ្លី ស្លៀកខោខូវប៊យ ពណ៌ខៀវជើងវែង ពាក់ស្បែកជើងផ្ទាត់ពណ៌លឿន បានស្លាប់គ្រាដែលរថយន្តគ្លីនិកឯកជនរស្មីលើកជនរងគ្រោះដឹកចេញទៅ ។ ចំណែករថយន្តបង្ក ប្រភេទយុីឌុប ម៉ាកSCANIA ពណ៌ស គ្មានស្លាកលេខ មានតែលេខសំគាល់របស់ថៅកែ H109 អ្នកបើកបរឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសម្តីអ្នកបើកបររថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលរថយន្តកំពុងបើកបរតាមផ្លូវសម្តេចជា ស៊ីម ពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះរត់ចូលឡានរបស់គាត់តែម្តង ។

តែបើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុវិញបានឲ្យដឹងថា ពុំដូចមាត់តៃកុងឡានឆ្លើយនោះទេ ថាយកតែសម្រាលទោសរបស់ខ្លួន តាមពិតមុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវពីត្បូងទៅជើង បំណងរកទិញអីហូប ហើយពេលដែលដើរឆ្លងកាត់ទទឹងផ្លូវនោះទៀតសោត ជនរងគ្រោះលើកទាំងដៃជាសញ្ញា សូមអង្វរ មេត្តា ករុណាពីអ្នកបើកបរ ចំឡែកតែរថយន្តបង្ក បើកពីកើតទៅលិច អ្នកបើកបរមិនដឹងភ្នែកមើលទៅណា ជនរងគ្រោះទុចជើងហើយ នៅតែបើកបំបុកទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិកអ្នកស្រីខឹមរ៉ានីមកលើកដឹកយកទៅ តែជាអកុសលបានស្លាប់ ទើបដឹកវិលយកមកដាក់កន្លែងដើមវិញ ។

ក្រោយកើតហេតុភ្លាមៗ ជនបើកបររថយន្តបង្ក ទោះជាឆ្លើយដោះសារបែបណាក្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយករណីខាងលើ ប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ឃាត់ទាំងរថយន្ត អ្នកបើកបរយកទៅកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះ មិនទាន់ស្លាល់អត្តសញ្ញានៅឡើយ មានតែសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា បន្តស្រាវជ្រាវ ប្រកាសស្វែងរកសាច់ញាតិ ៕

 

មតិយោបល់