បន្ទាយមានជ័យៈ ក្របី១ក្បាលក្នុងចំណោមក្របី៦ក្បាល ត្រូវប្រជាពលរដ្ឋចាប់ចងសុំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយជាសំណងដោយសារក្របីទាំងអស់នេះចូលស៊ីស្រូវរបស់ពួកគាត់។
លោក ហ៊ុយ ហុង អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននិយាយថា ស្រូវរបស់គាត់ស្ថិតនៅតាមបណ្តោយបារ៉ែតក្បែរភូមិត្រូវបាន
ក្របីស៊ីអស់ជិតពាក់កណ្តាលហើយដួលដេកទៅលើដីខណៈក្របីទាំង៦ក្បាលនេះដើរចុះឡើងជាន់ខ្ទេចខ្ទី ហើយមិនមែនតែស្រែគាត់ទេ មានស្រែស្រូវចម្ការដំណាំបងប្អូនខ្លះទៀតក៏រងគ្រោះដូចគាត់ដែរ។ គាត់បន្តថា មិនដឹងជាយ៉ាងម៉េចទេបានជាម្ចាស់ក្របីកាត់កន្លុះលែងឲ្យស៊ីយ៉ាងអនាធិបតេយ្យច្រើនខែបែបនេះ ដោយបណ្តោយឲ្យកូនក្មេងតូចអាយុប្រហែល១០ឆ្នាំចំនួនពីរនាក់ជាអ្នកឃ្វាល។ ហើយដើម្បីរកឲ្យឃើញអ្នកទទួលខុសត្រូវ និងជាម្ចាស់ក្របីមានតែនាំគ្នាព័ទ្ធចាប់ រួចទៅប្តឹងប៉ូលិសប៉ុស្តិ៍ជួយរកដំណោះស្រាយ។ ក្រោយចាប់បានទើបដឹងថា ក្របីទាំងនេះមានម្ចាស់ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនេះដែរ។
លោក សុខ ថៃ នាយប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយបានឲ្យដឹងថា លោកនឹងចាត់ការរឿងនេះដោយហៅម្ចាស់ក្របីឲ្យចូលខ្លួនមកដោះស្រាយជាមួយបងប្អូនជាម្ចាស់ស្រែទាំង៥នាក់ ខណៈដែលអ្នកទាំងអស់គ្នាទារសំណងត្រឹមតែ១លានរៀលសម្រាប់ការខាតបង់។
ករណីនេះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន និងកំពុងចិញ្ចឹមសត្វពាហនៈ សូមកុំលែងពាស់វាលពាស់កាលបែបនេះ ត្រូវមានទ្រុង និងចងឲ្យបានត្រឹមត្រូវជៀសវាងប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ៕
មតិយោបល់