ព័ត៌មានជាតិ

រថយន្ត RAV4 បើកឆ្លងផ្លូវជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត RAV4 មួយគ្រឿង ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែក ស្រាប់តែរថយន្តជាន់ហ្វ្រាំង មិនស៊ីក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបតាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2B-1332 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានបើកឆ្លងកាត់ផ្លូវ ៥១៦ ខណៈនោះស្រាប់តែរថយន្តបង្ក ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ក រងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខ ចំហៀងខាងឆ្វេង ចំណែករបាំងថ្មពុះចែកទ្រូង រងការខូចខាត វៀចអស់មួយកង់។

ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយទាក់ទងជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់