ព័ត៌មានជាតិ

រថយន្តពីរគ្រឿង បុកគ្នានៅផ្លូវបែកជាបួនពេញទំហឹង បណ្ដាលឲ្យអ្នកបើករបួសទាំងសងខាង

ភ្នំពេញៈ រថយន្តពីរគ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រយ័ត្នមកដល់ផ្លូវបំបែកជាបួន បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបជាប់ក្រសួងសុខាភិបាល តាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាក PEUGEOT ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2T-5518 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបត់ឆ្វេងទៅផ្លូវ៥៦៦ ស្របពេលនោះ ក៏មានរថយន្តដឹកគ្រឿងសមុទ្រ ១គ្រឿងទៀត ពណ៌សជាប្រភេទសាំយ៉ុង ១២កៅអី ពាក់ផ្លាកលេខ ភ្នំពេញ 2F-9478 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅបញ្រ្ចាសគ្នា ជាមួយល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ដខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្តសាំយ៉ុង ខ្ទាតឡើងខឿនរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯរថយន្ត PEUGEOT បានខ្ទាតបែរក្បាលត្រលប់ក្រោយ រងការខូចខាតមួយកំណាត់មុខ។

ដោយទ្បែងអ្នកបើករថយន្តទាំងពីរគ្រឿង បានរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្រ្គោះ ភ្លាមៗតែម្តង។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានមកដល់ហើយឲ្យតំណាងរថយន្តទាំងពីរគ្រឿង ធ្វើការដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីទាំងពីរ សម្រេចយករថយន្ត ទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួន៕

មតិយោបល់