ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញគោយន្តកន្ត្រៃ ម៉ាកKUBOTA ពណ៌ក្រហម ដឹកបង្គោលរបងថ្មធ្វើ ចរាចរណ៍ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (HYANDAI) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០១៤-១៤៨៣ (កងវិស្វកម្ម) កំពុងធ្វើផ្លូវលេខ៥៣B ធ្វើចរាចរណ៍នៅពីក្រោយស្របទិសគ្នាបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុក គោយន្តកន្ត្រៃដែលរងគ្រោះចំពីក្រោយរួចកិនពីលើ បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តឈ្មោះ សុខ ធី អាយុ ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមាន ទីលំនៅភូមិតំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ស្លាប់នៅពីក្រោមរថយន្ត) និងអ្នករួមដំណើរជាមួយគោយន្ត ឈ្មោះ គឹម វាសនា អាយុ ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (មានទីលំនៅភូមិឃុំជាមួយគ្នា) រងរបួសស្រាល ។ រីឯអ្នកបើកបរ (អញ្ញតជន) ឃើញហេតុដូចនេះ ក៏បានរត់គេចខ្លូនបាត់។

ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានចុះពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ ក៏បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿន ។ លោកអធិការបានបន្តថា សមត្ថកិច្ចនគរបាលបានយក
គោយយន្តកន្ត្រៃយ៍បានមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចំណែករថយន្តបង្ករយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកក្រគរដើម្បីរៀបចំតាមនីតិវិធី។

ចំពោះសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៨និង៥២នាទី។ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកនិងតាមចាប់ខ្លួនជនបង្កដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់