ភ្នំពេញៈ ជនសង្ស័យ៣នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ និងដកហូតថ្នាំញៀន(កញ្ចប់តូច-ធំ)ចំនួន២១កញ្ចប់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ទី សាវឿន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ អត់លេខ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ រត់ម៉ូតូឌុប ឃាត់ខ្លួន កាលពីវេលាម៉ោង១និង៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវមាត់ស្ទឹង ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដកហូតវត្ថុតាងថ្នាំញៀន ក្រាមពណ៌ស ថ្លា ចំនួន១៦កញ្ចប់ (តូច១៥ ធំ១) ម៉ូតូ ម៉ាកសេ១០០ កូរ៉េ១គ្រឿង។
ក្រោយពីធ្វើការសាកសួរ នៅវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃខែឆ្នាំដដែល ឃាត់បានបក្ខពួកជនសង្ស័យម្នាក់ទៀត នៅចំណុចសិប្បកម្មផលិតអំបិល ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ កែវ ពិសិដ្ឋ ហៅ វៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ សម្ភារៈដកហូតក្រាមពណ៌សថ្លា២កញ្ចប់ធំ ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FV-4428។
សមត្ថកិច្ចបានបន្តថា ក្រោយពីសួរនាំជនសង្ស័យឈ្មោះ កែវ ពិសិដ្ឋ ហៅ វ័យ លុះរហូតដល់វេលាម៉ោង៤និង៣០នាទី នាល្ងាចថ្ងៃខែឆ្នាំដដែល ឃាត់បានជនសង្ស័យម្នាក់ផ្សេងទៀត នៅចំណុចផ្ទះគ្មានលេខ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជនសង្ស័យឈ្មោះ ញិល ម៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ សម្ភារៈដកហូត ក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (២កញ្ចប់តូច និង១កញ្ចប់ធំ), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, រួមទាំងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងទាំងអស់ សមត្ថកិច្ចកំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់