ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់ដូរ ផ្លូវលំ ស្ថិតភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើង ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ៃ រតនៈ ភេទប្រុស អាយុ ៣០ ឆ្នាំ កំពុងអង្គុយហូបបាយ និងជជែកគ្នាលេងនៅតូបលក់គ្រឿងក្លែម ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានឃើញជនសង្ស័យឈ្មោះ ជួក ហ៊ាង ភេទប្រុស អាយុ ២៥ ឆ្នាំ ដើរមកទិញសាច់ក្លែមនៅតូបដែលជនរងគ្រោះកំពុងអង្គុយ ពេលជនសង្ស័យទិញម្ហូបហើយក៏ដើរត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣និង២០នាទី នៅផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពេលមានទំនាស់គ្នានោះជនរងគ្រោះបានយកពូថៅកាប់ទៅលើជនសង្ស័យចំនួន០២ពូថៅ រងរបួសស្រាលមិនបានទៅព្យាបាល និងមករាយការណ៍ ឬដាក់ពា្យបណ្តឹងសមត្ថកិច្ចដើម្បីចាត់ការទៅលើជនរងគ្រោះទេ ជនសង្ស័យគុំទុកចាំសងសឹកពេលក្រោយវិញ ។ បន្ទាប់ពីជនសង្ស័យទិញសាច់ក្លែមយកទៅផឹកស៊ីអស់ស្រាបៀរ Ganzberg អស់ចំនួន០១កេះ ក៏ដើរទៅយកកាំបិតផ្គាក់ពីខាងក្រោយដេប៉ូលក់គ្រឿងសំណង់ឈ្មោះ ស៊ីនួន មករា កាប់ទៅលើជនរងគ្រោះចំនួន០១កាំបិតផ្គាក់ ត្រូវចំក្បាលចំហៀងខាងស្តាំ ដល់ថ្ពាល់រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដេរចំនួន៣៦ថ្នេរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង កាំបិតផ្គាក់ប្រវែង៧០សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាមនីតិវិធីច្បាប់៕
មតិយោបល់