កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី មានករណីគំរាមកំហែងថា នឹងសម្លាប់នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ លី ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ថាវ លីអេរ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូន) ។
វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន០១ផ្លែ ដែកដងធ្វើអំពីឫស្សីមានប្រវែង៤៨ ស.ម ។
កន្លងមកឲ្យតែជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន រួចតែងតែគំរាមកំហែងសម្លាប់ជនរងគ្រោះជាញឹកញាប់ និងថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះថែមទៀត ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងតែអង្គុយនៅមុខផ្ទះចុចទូរស័ព្ទលេងស្រាប់តែពេលនោះជនសង្ស័យបានចុះពីលើផ្ទះស្រែកឡូឡាហើយបានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះតែមិនត្រូវពេលនោះជនរងគ្រោះក៏បានដួលទៅនិងដីហេីយត្រូវបានជនសង្ស័យចាប់បោចសក់និងទាញកាំបិតផ្គាក់ងាររកកាប់ជនរងគ្រោះថែមទៀត។
ហើយពេលនោះក៏បានបងប្អូនប្រជាពលរដ្ឋនៅជិតខាងស្រែកថាអារ៉ូម្ដាយឯងទេពេលនោះជនសង្ស័យក៏បានរត់ឡើងទៅផ្ទះនិងកាន់កាំបិតផ្គាក់ទៅជាមួយផង។
ពេលទទួលបានពត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលនិងកម្លាំងប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់