ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានបន្តបោសសំអាត និងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសម្បុកធំ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៣នាក់ ព្រមទាំងដកហូតថ្នាំញៀនច្រើនកញ្ចប់ផងដែរ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ចំណុចភូមិ១ក្បែរអតីតរោងចក្រឆ្នាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងនោះ គឺកម្លាំជំនាញបានស្រាវជ្រាវពីមុខសញ្ញានោះ ជាយូរមកហើយលុះដល់ថ្ងៃនេះ ដឹងយ៉ាងច្បាស់ថា ជនសង្ស័យទាំងនោះកំពុងប្រមូលផ្តុំជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុនោះ ទើបកម្លាំងអាវុធហត្ថខណ្ឌដូនពេញក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌដូនពេញចុះបង្រ្កាបអ្នកលក់ និងជក់គ្រឿងញៀនត្រង់ចំណុចភូមិ១ សង្កាត់ជាប់ប្រទល់ ខណ្ឌទួលគោក អតីតរោងចក្រឆ្នាំងក្នុងស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានចំនួន១៣នាក់ ប្រុស១១នាក់ ស្រី០២នាក់។
ប្រតិបត្តិការខាងលើនេះដែរ កម្លាំងអាវុធហត្ថប្រមូលបានគ្រឿងញៀនកញ្ចប់តូច ធំ ជាច្រើនកញ្ចប់, ថង់ផ្លាស្ទិកសម្រាប់ច្រកថ្នាំញៀន និងប្រដាប់ជក់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បញ្ចូនទៅទីបញ្ជាការក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕







មតិយោបល់