ភ្នំពេញៈ សាលារៀនអន្តរជាតិ ILEAD នៅកម្ពុជា បង្កើតឡើងដោយអង្គការ អេដ អេ អាក់ ស្យុង មានមូលដ្ឋាននៅទីក្រុងជេននីវ៉ា ប្រទេសស៊្វីស បាននិងកំពុងធ្វើសកម្មភាពក្នុងការនាំមកនូវស្ដង់ដារអប់រំបែបអន្តរជាតិ សម្រាប់កុមារកម្ពុជា ពិសេសការធ្វើសកម្មភាពមនុស្សធម៌ ឆ្ពោះទៅរកគោលដៅជួយដល់ក្រុមកុមារដែលកំពុងរស់នៅតាមសហគមន៍ក្រីក្រនៅឯជនបទក្នុងប្រទេសកម្ពុជាមិនមានលទ្ធភាពរៀនសូត្រ។
នាយក ILEAD ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងពិធីបញ្ចប់ឆ្នាំសិក្សារបស់កុមារតូចៗ នៃសាលាមត្តេយ្យអន្តរជាតិអាយលីដ (ពោធិ៍ចិនតុង) ថា សាលាមត្តេយ្យអន្តរជាតិអាយលីដ ជាសហគ្រាសសង្គមដំបូងគេបង្អស់នៅកម្ពុជា ដែលបានបង្កើតឡើងដើម្បីរកចំណូល តែមិនដើម្បីរកប្រាក់ចំណេញសម្រាប់យកទៅជួយទ្រទ្រង់ ដល់សហគមន៍កុមារក្រីក្រនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា។
លោក វន សំភាស់ បានបន្ថែមថា សាលាអន្តរជាតិអាយលីដមានគោលដៅសំដៅផ្តល់នូវការអប់រំកំរិត មត្តេយ្យប្រកបដោយគុណភាពអន្តរជាតិផង និងផ្តល់ការគាំទ្រប្រកបដោយនិរន្តរភាពដល់សាលាមត្តេយ្យសិក្សានានា នៅតាមតំបន់ជនបទក្រីក្រ។ អង្គការ អេដ អេ អន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាជាង១៥ឆ្នាំមកហើយ ដោយបានជួយទៅដល់កុមារកម្ពុជា ក្នុងគ្រួសារក្រីក្រជាង២ម៉ឺននាក់បានចូលរៀនជារៀងរាល់ឆ្នាំដោយមិនបង់ថ្លៃសិក្សា។
គួរបញ្ជាក់ថា អង្គការ អេដ អេ អន្តរជាតិ ប្រចាំប្រទេសកម្ពុជាទទួលបាននូវ ប្រភពចំណូលមួយចំនួន ដើម្បីធានានិរន្តរភាពសកម្មភាពការងាររបស់ខ្លួនដូចជាបានមកពីសប្បុរសនៅក្រៅប្រទេស ប្រទេសស្វ៊ីស ប្រទេសបារាំង ទីក្រុងហុងកុង រួមទាំងបានមកពីម្ចាស់ជំនួយមួយចំនួនដែលបានគាំទ្រទៅដល់ទស្សនទានរបស់អង្គការ ក្នុងការពង្រឹងគុណភាពអប់រំនៅកម្ពុជា ហើយមួយចំណែកទៀតបាន មកពីឪពុកម្តាយសិស្សដែលមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សារបស់កូន ដែលថវិកា ទាំងនេះសាលាត្រូវយកទៅប្រើប្រាស់ក្នុងការជួយទៅដល់កុមារក្រីក្រ នៅឯជនបទ ដើម្បីឲ្យពួកគេទទួលបាននូវឱកាសសិក្សារៀនសូត្រដូចគ្នាទៅនឹងកុមារដែលមាន ឪពុកម្តាយមានជីវភាពធូរធាផងដែរ៕







មតិយោបល់