ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ៦ និង ៤០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវលេខ១២៩B ស្ថិតភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W-4750 បើកបរដោយឈ្មោះ ឈន ធឿន ភេទប្រុស អាយុ ៤០​ ឆ្នាំ រស់នៅភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ទិសដៅពីកើតទៅលិច ខណ:មកដល់ខាងកើតផ្លូវតំបន់ចូលភូមិត្រំ ក៏បានបុកពីខាងក្រោយ ម៉ូតូម៉ាក វេវ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស៊ន ស៊ុន ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ បណ្ដាលឲ្យរបួសទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់