ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្ត បានសម្រេច តែរត់មិនរួច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ក្រុមជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្ត១គ្រឿង ដែលគេចតចោលនៅខាងឃ្លាំងលក់រថយន្តយីហោ «ចាន់ភឿន» តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នា ជិះម៉ូតូរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជិះដេញតាម និងស្ទាក់ចាប់បាន នៅក្បែរខារ៉ាអូខេឌឺម៉ូន តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនសង្ស័យទាំង ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាគរីវ៉ូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AA-4663 មកឈប់នៅក្បែរឃ្លាំងលក់រថយន្តខាងលើ។ បន្ទាប់មកជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ហើយដើរទៅធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្ត១គ្រឿងម៉ាកលុចស៊ីស RX330 ពណ៌សគ្មានផ្លាកលេខ ដែលឈប់ចតចោល នៅខាងមុខឃ្លាំង បានសម្រេច។

ភ្លាមៗនោះជនសង្ស័យទាំងពីរនាក់ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ខណ:នោះ ក៏មានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជួយជិះដេញតាមពីក្រោយ និងស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យបានបើកម៉ូតូរត់គេចខ្លួន ទាំងស្លន់ស្លោរហូត ជិះទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលម៉ូតូ ទៅមុខលែងរួច ត្រូវប្រជាពលរដ្ឋ ចាប់ក្របួចបាន និងដកហូរបានកញ្ចក់រថយន្តចំនួន២ នៅក្បែរខារ៉ាអូខេឌឺម៉ូន តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១ឈ្មោះ ឥដ្ឋ រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ឈ្មោះ ណាង់ ស៊ីដារ៉ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ រួមជាមួយនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់