កោះកុងៈ យោងតាមផេក មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យដឹងថា នៅក្នុងអំឡុងខែមីនាខាងមុខនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នៅថ្មដា ខេត្តពោធិ៍សាត់ រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុងផងដែរ។
សម្តេចបានថ្លែងឲ្យដឹងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ផ្លូវជាតិលេខ៥៥ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២,៨០ លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះមានប្រវែងជាក់ស្តែងសរុបចំនួន ១៨០គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ និងស្ពានចំនួន៤៥ ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន៤២ខែ សាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។ ចំណែកគម្រោងសាងសង់ផ្លូវកាត់ថ្មីចេញពីសំឡូត ទៅថ្មដា រួចទៅកាន់ខេត្តកោះកុងនោះ សម្តេច ហ៊ុន សែន ធ្លាប់លើកឡើងថា អាចចំណាយដល់ជាង ២០០លានដុល្លារ។
សម្តេចបញ្ជាក់ថា ការសាងសង់ផ្លូវកាត់នេះ គឺដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ ពោលគឺចំណេញចម្ងាយផ្លូវប្រមាណ ១០០គីឡូម៉ែត្រ៕
មតិយោបល់