ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភោជនីយដ្ឋានភូមិគ្រឹះទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដែលជំនាញដាក់ថ្នាំសណ្តំយកម៉ូតូ។
ជនសង្ស័យទី១ឈ្មោះ ពេជ្រ លាប ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ចំណែកស្រ្តីសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណទេ។
ជនរងគ្រោះឈ្មោះ វង្ស សុដានីន ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ខ្លួន និងជនសង្ស័យទាំងពីរនាក់ ទើបតែស្គាល់គ្នាបាន ៤-៥ថ្ងៃប៉ុណ្ណោះ ដោយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានណាត់គ្នាទៅផឹកស៊ីនៅហាងមួយកន្លែង តាមបណ្ដោយផ្លូវលេខ ៣៧១ ក្នុងភូមិម័ល សង្កាត់/ខណ្ឌដង្កោ។
ប្រភពដដែល បានបន្ថែមថា បន្ទាប់ពីផឹកស៊ីបានមួយសន្ទុះ ក្រុមជនសង្ស័យ បានលាយគ្រាប់ជីឲ្យខ្លួនផឹក រួចក៏មានអាការទន់ដៃទន់ជើងខុសធម្មតា ក្រោយមកពួកគេ បានខ្លួនទៅចូលក្លឹបមួយកន្លែងទៀត នៅតាមផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ដោយនៅពេលទៅដល់ក្នុងក្លឹប ខ្លួនក៏បានសន្លប់ បាត់បង់ស្មារតីតែម្ដង លុះពេលដឹងខ្លួន គឺនៅក្នុងបន្ទប់ផ្ទះសំណាក់ទៅហើយ។ លុះឆែកមើលរបស់របស ស្រាប់តែបាត់កាបូបលុយ ទូរសព្ទដៃ និងម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០២០ ដែលពាក់ផ្លាកលេខ តាកែវ 1V-3586។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រោយទទួលបានបណ្ដឹងរួច បូករួមទាំងទទួលបានការរាយការណ៍ ប្រាប់ពីមុខសញ្ញាខាងលើផង ទើបនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់