ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ នៅស្រុកអង្គស្នួល

កណ្ដាល: នៅថ្ងៃ‌ទី១៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦និង៣៥នាទី ចំណុចវាលស្រែចម្ងាយ២៥ម៉ែ្រត ស្ថិតក្នុងភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីចរន្តអគ្គិសនីឆក់មនុស្សស្លាប់។

ជនរងគ្រោះ‌ឈ្មោះ ភ័ណ្ឌ សុភុត ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកឡានដឹកដីឲ្យគេ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-មានខ្សែភ្លើងប្រវែង២៥ម៉ែត្រ
-ដងឈើចងដែកមួយ ។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ សោម សំអឿន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរកម្មកររោងចក្រ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានហូបបាយរួចហើយចេញពីផ្ទះទៅបាត់ទៅ មិនដឹងទៅណាទេពេលនោះខ្លួនបានហូបបាយរួច និងលេបថ្នាំងងុយដេក ហើយចូលដេក។ លុះពេលងើបឡើងក៏ឃើញខ្សែភ្លើងដោតជាប់នឹងឌុយ ដែលនៅជិតខ្លួនគាត់ គាត់ក៏នឹកឃើញថា ប្រហែលជាកូនដោតឆក់ត្រី រួចក៏ដកខ្សែភ្លើងចេញ ហើយទៅមើលឃើញកូនខ្លួនដួលនៅក្នុងទឹកស្រែ អត់ដឹងខ្លួនសោះ ក៏ស្រែកហៅបងប្អូនឲ្យមកជួយលើកឡើងមកផ្ទះ ធ្វើចលនាតែជនរងគ្រោះបានស្លាប់បាត់ហើយ លុះពេលភ្លឺឡើងបានទូរស័ព្ទទៅប៉ុស្តិ៍រដ្ឋបាលឃុំពើក។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងឪពុក សព បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថា ពុំមានស្នាកស្នាមអី្វទេ។

ការសន្និដ្ឋាន៖ លោកគ្រូពេទ្យនិងរបស់ជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ សពបានប្រគល់ជូន ក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់