ព័ត៌មានជាតិ

យុវជនម្នាក់ បាត់បង់ស្មារតី និយាយមិនចេញ ពលរដ្ឋសង្ស័យ ត្រូវថ្នាំគេ ខណៈសមត្ថកិច្ចថា ដើរលេងអស់ខ្យល់

ភ្នំពេញៈ យុវជនម្នាក់ បានបាត់បង់ស្មារតី និយាយមិនចេញ ដោយពលរដ្ឋ សង្ស័យថា ត្រូវថ្នាំសណ្តំគេដាក់ ដើម្បីលួចយកម៉ូតូ ខណៈសមត្ថកិច្ច អះអាងថា ដើរលេងអស់ខ្យល់។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខសាលារៀនសុវណ្ណភូមិ ផ្លូវលេខ៤៧ កែងផ្លូវលេខ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនឈ្មោះ វន ស្រៀ អាយុ៣២ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញយុវជនខាងលើ រួមដំណើរជាមួយបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ និងស៊េរី ធ្វើដំណើរពីត្បូងមកជើង តាមបណ្តោយផ្លូវលេខ៦១។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេប្រទះឃើញតែយុវជនខាងលើម្នាក់ឯង ដួលដេកលើដី បាត់បុរសអ្នករួមដំណើរជាមួយគ្នានោះ មិនដឹងទៅទីណា។

បន្ទាប់មកប្រជាពលរដ្ឋ បានសួរទៅយុវជន ដែលត្រូវគេទម្លាក់ចោលនោះថា មានរឿងអ្វី ប៉ុន្តែយុវជននោះ បាត់បង់ស្មារតីនិយាយមិនចេញអ្វីទាំងអស់ ឲ្យសរសេរលេខទូរស័ព្ទអ្នកផ្ទះ ដើម្បីងាយស្រួល ក្នុងការទាក់ទងផ្តល់ដំណឹង ក៏នឹកសរសេរមិនចេញ ពេលនោះ ពលរដ្ឋ បានឆែកមើលឃើញ សោម៉ូតូមួយ នៅក្នុងសាក់កាដូរស្ពាយ និងមួកសុវត្ថិភាពផង ទើបសង្ស័យថា យុវជនខាងលើ ត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ។

ដោយឡែកសមត្ថកិច្ចមូលដ្ឋាន ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា យុវជននេះ អាចដើរលេងអស់ខ្យល់ អស់កម្លាំងពេក ត្រូវមិត្តភក្ដិរបស់គេ ទម្លាក់ចោលនៅទីនេះ ហើយក៏ជិះម៉ូតូចេញទៅបាត់។

សមត្ថកិច្ច បន្តថា តាមតម្រុយដែលទទួលបាន មុនដំបូងយុវជននេះ មានគ្នាបីនាក់ ជិះម៉ូតូ១គ្រឿង ខណៈជិះមកដល់ចំណុចកើតហេតុ មិនដឹងទាស់គ្នារឿងអ្វី ឃើញគេហុចលុយឲ្យយុវជនខាងលើ ២ម៉ឺនរៀល ហើយក៏ទម្លាក់ចោលតែម្ដង ដោយពួកគេទាំងពីរនាក់ បានចេញដំណើរជិះម៉ូតូទៅបាត់។

មួយសន្ទុះក្រោយមក ក៏មានស្ត្រីម្នាក់ អះអាងថា យុវជនខាងលើ ជាអ្នកស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បានទាក់ទងសាចញាតិជនរងគ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់