ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ជនជាតិចិន ដៃកាន់កាំភ្លើងដើរតាមផ្លូវ នៅខណ្ឌចំការមន ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ឆែកឃើញគ្រឿងញៀន អះអាងថា ទៅទារលុយគេ

ភ្នំពេញ: កាលម៉ោង៨យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចផ្សារទំនើប The Bridget ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលអន្តរគមន៍ និងព្រហ្មទណ្ឌខណ្ឌចម្ការមន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដោយដកហូតបានអាវុធខ្លីម៉ាកK៥៩ មួយដើម និងថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យឈ្មោះ ZHAO YUHANG អាយុ២៤ឆ្នាំ មុខបរទេសចរ ស្នាក់ខុនដូក្នុងពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងប៉ុស្តិ៍ កំពុងល្បាតក្នុងមូលដ្ឋាន ស្រាប់ឮប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលថា ឃើញបុរសជនជាតិចិនម្នាក់ ដៃកាន់ដោយកាំភ្លើងខ្លី ទើបភ្លាមៗនោះ ប្រញាប់ចុះទៅត្រួតពិនិត្យមើលជាក់ស្ដែង។

ដោយបានឃាត់ខ្លួនជនជាតិចិនខាងលើ ហើយដកហូតបាន កាំភ្លើងម៉ាកK៥៩ មួយដើម និងកាបូបស្ពានពណ៌ទឹកដោះគោ ឆែកឆេករកឃើញថ្នាំក្រាមសថ្លាចំនួន១ថង់តូច សង្ស័យជាសារធាតុញៀន។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានរកអ្នកបកប្រែភាសាចិន ដើម្បីសួរនាំ ទើបដឹងថា ជនសង្ស័យ បានទិញគ្រឿងញៀន និងកាំភ្លើងពីបុរសម្នាក់ អាយុប្រហែល៤០ឆ្នាំ ក្នុងតម្លៃ៨០០ដុល្លារ រួចយកមកទុកនៅជាប់ខ្លួន ហើយនាយប់កើតហេតុនោះ ជនសង្ស័យ បានទៅទារលុយ អ្នកដែលជំពាក់ តែមកដល់ផ្សារទំនើប The Bridget ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន កំពុងកសាងសំណុំរឿង បញ្ជូលបន្តទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់