ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូ បណ្តាលរងរបួសធ្ងន់ម្នាក់ នៅស្រុកកោះធំ

កណ្តាល: កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ ២១ ត្រង់ចំណុចខាងត្បូងព្រែកគង់ ស្ថិតក្នុងភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ិន វណ្ណា ភេទប្រុស អាយុ ៥៧ ឆ្នាំ (អ្នកបើកម៉ូតូ) មុខរបរកសិករ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រទេសវៀតណាម។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា សេ ៩០ គុបជ្រុង ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ កណ្ដាល 1L-7266 មានកញ្ចក់ មានចងកាងឈើ សម្រាប់ឌុបឥវ៉ាន់ ធ្វើដំណើរពីជើងទៅត្បូង (តាខ្មៅជ្រៃធំ ) មកដល់ចំណុចកើតហេតុ បានបុកជាមួយ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ3E -7814 ធ្វើដំណើរពីត្បូងទៅជើង ក្នុងទិសដៅបញ្រ្ចាសគ្នា អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរ ម៉ូតូ បើកបរមិនប្រកាន់ស្តាំ ធ្វើដំណើរចូលមកស្ដាំដៃរបស់រថយន្ត ចំណែកអ្នកបើករថយន្ត បើកបរលឿន គេចមិនផុត ធ្វើឲ្យកាងឈើរបស់ម៉ូតូ ផ្នែកខាងឆ្វេង ប៉ះជាមួយចង្កៀងមុខ និងស្តុបរថយន្ត ផ្នែកខាងឆ្វេង ដួលតែម្តងទៅ។

ករណីនេះ កម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់