ព័ត៌មានជាតិ

ឆ្មាំសមុទ្រលីប៊ី​ បានឃាត់សង្គ្រោះបានជន​អន្តោប្រវេសន៍​ ឆ្លងទូក​ទៅ​អឺរ៉ុប ចំនួន​​ជាង​៦០០នាក់​

ចន្លោះពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ចុងសប្តាហ៍កន្លងទៅនេះ ក្រុមឆ្មាំសមុទ្រលីប៊ី បានឃាត់សង្គ្រោះបានជន​អន្តោប្រវេសន៍ឆ្លងទូក ចំនួន៣ក្រុមផ្សេងគ្នា។ ក្រុមទីមួយ​មានមនុស្ស​ ១៣២នាក់ ក្រុមទី២មានមនុស្ស​១៧២នាក់ និងក្រុមទី​៣ មាន​មនុស្ស​៣៣៤នាក់ ភាគច្រើនសុទ្ធតែជាប្រជាជនមកពីទ្វីបអាហ្វ្រិក។

ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបាន​ក្រុមឆ្មាំសមុទ្រលីប៊ី បញ្ជូនយកទៅអង្គភាពប្រយុទ្ធប្រឆាំងនឹង​អន្តោប្រវេសន៍ខុសច្បាប់ របស់​ក្រសួង​​មហាផ្ទៃលីប៊ី។ អង្គការអន្តរជាតិដើម្បី​ជនភៀសខ្លួន (OIM) បានបញ្ជាក់ឲ្យដឹង ថា​៤៨ម៉ោងចុងក្រោយនេះ គេពិតជាបាន​បញ្ជូន​ជំនួយសង្គ្រោះបន្ទាន់ ជួយ​ដល់ ជនអន្តោប្រវេសន៍ជាង​៦០០នាក់ នៅលីប៊ី។

គួរបញ្ជាក់ថា លីប៊ី គឺច្រកដ៏សំខាន់ ក្នុងការធ្វើដំណើររបស់ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ដែល​មានបំណងចូលទៅសុំសិទ្ធិជ្រកកោននៅអឺរ៉ុប។ កោះប្រទេសអ៊ីតាលី ស្ថិតនៅចំងាយ​តែប្រមាណ​ជាង​៣០០គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរលីប៊ី។ ក្រុមឈ្មួញទុច្ចរិត រកស៊ីដឹកជញ្ជូនជនអន្តោប្រវេសន៍ឆ្លងសមុទ្រ ដោយ​ប្រើ​ទូក​ពោងតូចៗ ដាក់មនុស្ស​ពេញៗ ប្រថុយនឹងគ្រោះថ្នាក់បំផុត។

កាលពីថ្ងៃសៅរ៍ទៅ១ឧសភា នាវា Ocean Viking របស់អង្គការ SOS Méditerranée បានដឹកជនអន្តោប្រវេសន៍ចំនួន ២៣៦នាក់ ទៅដាក់នៅលើកោះ​Sicile របស់អ៊ីតាលី។ អង្គការនេះបានអះអាងថា អ្វីដែលគេសង្កេតឃើញ គឺក្នុងចំណោមជនអន្តោប្រវេសន៍ដែលឆ្លងទូក គឺមាន​កុមារ និងអនីតិជនកាន់តែច្រើនឡើង ហើយ​ធ្វើដំណើរតែម្នាក់ឯង ដោយគ្មានក្រុមគ្រួសារមកជាមួយទេ។

 

មតិយោបល់