ភ្នំពេញៈ បុរសជាជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តលុចស៊ីស RX300 ១គ្រឿងបោះពួយយ៉ាងលឿន ដោយបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត១គ្រឿង បណ្ដាលឲ្យខ្ទាតទៅបុករានទេវតា ដែលនៅខាងមុខកន្លែងលាងរថយន្តយីហោ «ស៊ុន លី»។
ហេតុការណ៍នេះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខកន្លែង លាងឡានយីហោ «ស៊ុនលី» តាមបណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2V-6883 ដោយមានឪពុកម្តាយវ័យចំណាស់២នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវ១៩៦៦ ខណៈឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកលុចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2090 បើកបរដោយបុរសម្នាក់ ជាជនជាតិកូរ៉េ ក្នុងស្ថានភាពស្រវឹងស្រា ធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសបញ្រ្ចាសគ្នា ជាមួយល្បឿយ៉ាងលឿន បានបុករថយន្តលុចស៊ីស RX330 ខ្ទាតទៅបុករានទេវតា ដែលនៅខាងមុខកន្លែងលាងរថយន្តយីហោ «ស៊ុនលី» បែកបាក់រាយប៉ាយពេញផ្លូវ និងរថយន្តលុចស៊ីសRX330 រងការខូចខាតក្រពឹតមួយចំហៀង ផ្នែកខាងឆ្វេងស្ទើរទាំងស្រុង។ ចំណែកឯរថយន្តលុចស៊ីស RX300 បានរងការខូចខាតក្រពឹតកាងផ្នែក ខាងមុខយ៉ាងដំណំ។
ភ្លាមៗនោះ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយអន្តរាគមន៍ផងដែរ។
ក្រោយកើតហេតុ ដោយភាគីទាំងពីរ ចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយ ទៅតាមផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់