ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យ១គ្រឿង ក្រឡាប់ផ្ងារជើងម្ខាង អូសជាច្រើនម៉ែត្រ

ភ្នំពេញ: បុរសម្នាក់ បើករថយន្ត១គ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យខូចខាតទាំងសងខាង សំណាងល្អមិនមានអ្នករបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លួវ២០៤ កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA 0561 បើកដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវណតប្រីត បោះពួយយ៉ាងលឿន។ មកដល់ចំនុចកើតហេតុ មិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែន១គ្រឿងទៀត បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ២០៤ ក្នុងទិសដៅពីកើតទៅ ឆ្លងជិតផុតទៅហើយ ត្រូវចំផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែន ខ្ទាតទៅផ្លូវម្ខាង ចំណែករថយន្តហ៊ីយ៉ាន់ បានរេចង្កូតជ្រុលទៅបុកខឿនផ្លូវ ក្រឡាប់ផ្ងារជើងម្ខាងអូសជាច្រើនម៉ែត្រ សំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ គ្រាន់តែរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ។

ក្រោយហេតុម្ចាស់រថយន្តហ៊ីយ៉ាន់ បានលូនចេញពីរថយន្ត រួចគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅទីតាំងខាងលើ។

មួយសន្ទុះមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងជំនាញចរាចរណ៏ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ឲ្យមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់