ព័ត៌មានជាតិ

មន្រ្តីជំនាញកាំកុងត្រូលរកឃើញនំបាញ់ឌុកមានសារធាតុគីមីប៊ូរ៉ាក់ នៅផ្សារសំរោងយ៉ោង

តាកែវៈ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខ រួមនឹងគ្រឿងកំប៉ុងជាច្រើនមុខនៅក្នុងផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងស្រុកបាទី នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្ត បឋមរកឃើញសារធាតុគីមីប៊ូរ៉ាក់ នៅនំបាញ់ឌុក ។

លោក ប៉ោ លាងគង់ ប្រធានសាខា ដែលបានដឹកនាំមន្រ្តីជំនាញកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសន្តិសុខផ្សារ បានថ្លែងឲ្យដឹងបន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទំនិញថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានធ្វើតេស្តបឋមទៅលើចំណីអាហារ និងបន្លែ រួមនឹងនំបង្អែម ជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានប៉ូរ៉ាក់ ដែលជាសារធាតុគីមីនៅក្នុងនំបាញ់ឌុក ហើយក៏បាន ធ្វើការដកហូតយកមកបំផ្លាញចោលភ្លាមៗផងដែរ ជិត១០គីឡូក្រាម ។

លោក ប៉ោ លាងគង់ បន្តថា សារធាតុគីមីប៊ូរ៉ាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជា ពលរដ្ឋណាដែលបរិភោគចំណីអាហារ ដែលមានផ្ទុកសារធាតុគីមីមួយនេះ គឺបង្កឲ្យមានបញ្ហាតម្រងនោមឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់ មនុស្ស ធំពេញវ័យ ចាប់ពីកម្រិត ៧ដល់៣៥ក្រាម បណ្តាលឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម និងស្លាប់បាន ។

លោកប្រធានសាខា បន្ថែមទៀតថា ក្រៅពីបានធ្វើតេស្តទៅលើចំណីអាហារ រួមនឹងបន្លែខាងលើនេះ មន្រ្តីជំនាញក៏បានពិនិត្យផងដែរទៅលើគ្រឿងកំប៉ុង ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ ច្រេះ កំពិត ពិសេសបានណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតថិជន យកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោល ដោយខ្លួនឯង ។

លោកប្រធានសាខាកាំកុងត្រូល ប៉ោ លាងគង់ ក៏បានបញ្ជាក់បន្ថែមថា ថ្ងៃនេះមន្រ្តីជំនាញ ក៏ បានចុះបិទ Poster និងចែកជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឲ្យពួកគាត់បានកាន់ដឹងកាន់ តែច្រើនបន្ថែមទៀតពីសុវត្ថិភាពចំណីអាហារនេះ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាព ជាច្រើន ដែលបង្ហាញពីអាហារណាគួរប្រើប្រាស់ ឬយកមកបរិភោគ និងគ្រឿងកំប៉ុងណា គួរទិញឬមិនគួរទិញ និងរបៀបពីការទុកដាក់លក់របស់អាជីវករ ហើយអ្វីដែលសំខាន់គឺទាំងអាជីវករ និងប្រជាពលរដ្ឋពួកគាត់ ពេញចិត្តចំពោះសកម្មភាពរបស់មន្រ្តីជំនាញកាំកុងត្រូល ដែលបានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ និងអប់រំពួកគាត់បានយល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារនេះ៕

មតិយោបល់