ព័ត៌មានជាតិ

នារីម្នាក់ចាញ់បោកបុរសម្នាក់ថាគ្មានប្រពន្ធ ពេលដឹងរឿងសុំបែកបែរជាជនសង្ស័យគំរាមយករូបអាក្រាតកាយ ចែកចាយឲ្យគេដឹង

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្ដិ៍និងចែកចាយរូបអាក្រាតកាយជាសាធារណៈ កាលថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ធ.ស.ស ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ កូននាក់ព្រៃវែង កូនអ្នកស្រែ និងSav Van Ryzin) ។

វត្ថុតាងចាប់យក៖
-ទូរសព្ទ១គ្រឿងម៉ាក Real me ពណ៌ខ្មៅ
-ចិញ្ចៀនលោហៈធាតុពណ៌លឿង មានត្បូងស ០១វង់
-កាតការងារចំនួន០៤សន្លឹក
-ប័ណ្ណសមាជិក បសស០១សន្លឹក។

ដំណើររឿង៖ កាលពីឆ្នាំ២០១៧ ជនរងគ្រោះបានស្គាល់និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យ បន្ទាប់មកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយស្រឡាញ់គ្នាមួយរយៈអំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរក៏រួមរស់ជាមួយគ្នាហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់ជនរងគ្រោះទុក។
លុះមុនពេលចូលឆ្នាំខ្មែរឮឆ្នាំ២០១៩ ជនរងគ្រោះដឹងថាជនសង្ស័យមានប្រពន្ធ និងកូនពីរនាក់ទៀត ជនរងគ្រោះបានសុំបែកគ្នាប៉ុន្តែជនសង្ស័យមិនព្រមថែមទាំងនិយាយគំរាមកំហែងថា បើអញមិនបានអ្នកណាក៏មិនបានដែរ បើហ៊ានរៀបការ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះតែម្ដង។
ខណៈមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះភ្ជាប់ពាក្យ ក្រោយពីភ្ជាប់ពាក្យរួច២ថ្ងៃ ជនសង្ស័យឆាតប្រាប់ជនរងគ្រោះថា មិនឲ្យរៀបការទេ បើមិនដូច្នោះខ្លួននឹងធ្វើ
ឲ្យនាងត្រូវសងបណ្ណាការគេនិងគំរាមសម្លាប់ជាច្រើន លើកច្រើនសារ ដោយជនសង្ស័យប្រើអាខោនហ្វេសប៊ុក ឈ្មោះ Sav Van Ryzin និងឈ្មោះកូននាក់ព្រៃវែង ព្រមទាំងផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅគូរដណ្តឹងនិងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នាងសុំផ្តាច់ពាក្យនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ
២០២០ មិនព្រមរៀបការជាមួយនាងឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ក៏ដោយ បន្ទាប់មកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យព្រមទាំងធ្វើការសាកសួរ ជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានផ្ញើររូបអាក្រាតកាយរបស់ជនរងគ្រោះទៅគូរដណ្ដឹងប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់