ព្រះវិហារៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ១ខ្នង នៅចំណុចភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះអស់ទាំងស្រុង និងខូចខាតសម្ភារៈភេសជ្ជៈ និងគ្រឿងទេស មួយចំនួនធំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ។
ជនរងគ្រោះឈ្មោះ សុខ គឹមស្រៀន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ និងប្រពន្ធឈ្មោះ ចន ណារី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បណ្ដាលឲ្យឆេះខូចខាតផ្ទះ ចំនួន០១ខ្នងទំហំ ៨ម៉ែត្រx១៥ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈភេសជ្ជៈ និងគ្រឿងទេសមួយចំនួនធំ ។
មូលហេតុ៖ នៃការឆេះបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី ។
ករណីនេះ កម្លាំងនគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងទីបញ្ជាការស្រាលភូមិភាគទី៤ បានប្រើប្រាស់រថយន្តអគ្គិភ័យ ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡើយ៕
មតិយោបល់