ការចាក់ថ្នាំបង្ការកូវីដដល់ក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ នឹងអាចជួយទប់ស្កាត់ការចម្លងរាតត្បាតបានច្រើន ព្រោះបច្ចុប្បន្ននេះអត្រាចម្លងរបស់កុមារ និងក្មេងអាយុពី ៦ទៅ២០ឆ្នាំឡើងខ្ពស់ខ្លាំង។ លោករដ្ឋមន្ត្រីសង្ឃឹមថាអឺរ៉ុបនឹងសម្រេចចិត្តបានឆាប់រហ័ស។ នៅក្នុងដំណើរសុំសិទ្ធិបន្ទាន់ ទីភ្នាក់ងារឱសថអឺរ៉ុប អាចត្រូវការពេលវេលាពី ៤ទៅ ៦ សប្តាហ៍ក្នុងការសិក្សាសម្រេច គិតចាប់តាំងពីថ្ងៃដែលក្រុមហ៊ុនឱសថបានដាក់សំណើ។
នៅសហរដ្ឋអាមេរិក BioNTech និងដៃគូ Pfizer បានដាក់ពាក្យសុំសិទ្ធចាក់វ៉ាក់សាំងកូវីដ១៩លើក្មេងចាប់ពីអាយុ១២ឆ្នាំនេះ តាំងពីដើមខែមេសា។
មន្ទីរពិសោធន៍ BioNTech សម្រេចសុំសិទ្ធិចាក់វ៉ាក់សាំងលើក្មេង ដោយផ្អែកលើទិន្នន័យនៃការសាកល្បងគ្លីនិក (ដំណាក់កាលទីបី) លើក្រុមក្មេងអាយុ១២-១៥ឆ្នាំ ចេញផ្សាយកាលពីខែចុងខែមីនា។ លទ្ធផលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពការពារការចម្លងមេរោគកូវីដ១៩បានដល់ទៅ១០០%។ ជាងនេះទៅទៀត ថ្នាំវ៉ាក់សាំង អាចបង្កជាផលរំខានដូចគ្នានឹងអ្វីដែលគេសង្កេតឃើញមានលើមនុស្សវ័យក្មេងអាយុពី ១៦-ទៅ២៥ឆ្នាំដែរ។ សម្រាប់ក្មេងអាយុពី ៥ទៅ១២ឆ្នាំវិញ វ៉ាក់សាំងក៏ទំនងជាមានប្រសិទ្ធភាពល្អ។ លទ្ធផលនៃការសាកល្បងនឹងបញ្ជាក់នៅខែកក្កដា។ តែនាយកមន្ទីរពិសោធន៍ BioNTech សង្ឃឹមជាស្រេចថាអាជ្ញាធរឱសថអឺរ៉ុបក៏នឹងផ្តល់ការព្រមព្រៀងដែរនៅខែកញ្ញា។
មតិយោបល់