ព័ត៌មានជាតិ

ទីតាំងដំណាំកញ្ឆាខុសច្បាប់ចំនួន០៩កន្លែង ត្រូវបានបំផ្លាញ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅខេត្តតាកែវ

តាកែវ: ដើម្បីលុបបំបាត់ទាំងស្រុង ចំពោះបញ្ហាបទល្មើស នៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ ក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ ដែលមានភូមិសាស្ត្រស្មុគ្រស្មាញ អំណោយផលដល់ការលួចដាំដំណាំកញ្ឆា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងរយ:ពេល០២ថ្ងៃ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ជាក់ស្តែង នៅថ្ងៃទី២១-២២ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាប កាប់បំផ្លាញ និងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន ០៩ទីតាំង លើផ្ទៃដីប្រមាណ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោលអាងស្តុកទឹកចំនួន០៤កន្លែង ស្ថិតនៅចំណុចដុបអាងស្រង៉ែ និងចំណុចបែកថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ភ្លាមៗខណ:ពេលពួកគេ កំពុងនៅចាំមើលថែទាំចម្ការកញ្ឆា ។
ជនសង្ស័យទាំងពីរនាក់ រួមមានទី១.ឈ្មោះធុន ឡោន ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងទី២ឈ្មោះប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ខណ:ពេលជនសង្ស័យ នៅក្នុងចម្ការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួក ដែលរត់គេចខ្លួន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់