ព័ត៌មានជាតិ

ក្រុមចោរប្រដាប់អាវុធ​ធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយលានដុល្លារជាច្រើន(Update)

ក្រុមចោរ​ប្រដាប់អាវុធ​ចំនួន​៤​នាក់ នៅវេលា​ម៉ោង ១០៖៤០​នាទី ព្រឹក​ថ្ងៃ ​១៩ ខែធ្នូ ឆ្នាំ​ ២០២១​ នេះ បានធ្វើ​សកម្មភាព​ប្លន់​អ្នកលក់​ឡេ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា អ៊ា​ន សៀវ​ម៉ី បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​វី​០១ បុរី​មូ​ន​ថោ​ន ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

 

ករណីប្លន់នេះ ក្រុមចោរ យកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹក៕

មតិយោបល់