កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលក្រុងតាខ្មៅ ចាប់ខ្លួននារីសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច ដើម្បីយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមច្បាប់ ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២ ត្រង់ចំណុចផ្សារតាខ្មៅចាស់ ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នារីសង្ស័យឈ្មោះ ស៊ ស្រីដេត ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់ឈ្មោះ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់មាស ក្នុងផ្សារតាខ្មៅចាស់។
ប្រភពដដែលបន្តថា កាលពីពេលវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានជិះម៉ូតូឌុបមកផ្សារតាខ្មៅចាស់ រួចដើរមកដល់តូបលក់មាសរបស់ស្ត្រីចំណាស់ម្នាក់ ហើយបានសុំមើលខ្សែដៃមួយខ្សែ ពណ៌លឿង នៅពេលកំពុងតថ្លៃចុះឡើង ខណៈជនរងគ្រោះ ជាម្ចាស់តូបភ្លេចខ្លួន ជនសង្ស័យក៏បានលួចខ្សែដៃនោះ រត់ចេញ នៅពេលនោះជនរងគ្រោះ បានស្រែកថា ចោរៗ ផ្អើលដល់ប្រជាពលរដ្ឋ ក៏ចាប់ខ្លួនបាន ចំណែកខ្សែដៃ ត្រូវបានជនរងគ្រោះយកទៅវិញ ហើយជនសង្ស័យ ក៏ត្រូវប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតែម្ដង ។
យោងតាមចំលើយសារភាពរបស់ជនសង្ស័យ បានប្រាប់ថា ខ្លួនពិតជាបានលួចខ្សែដៃខាងលើ របស់ជនរងគ្រោះ ប្រាកដមែន ព្រោះស្រទ្បាញ់ពេក គ្មានលុយទិញ ទើបសម្រេចចិត្ត លួចតែម្តងទៅ៕

មតិយោបល់