ភ្នំពេញៈ ផ្ទះកោសជប់ ម៉ាស្សា នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មួយចំនួន ស្រីៗម៉ាស្សាបន្លំលួចលុយភ្ញៀវ ញឹកញាប់ពេកហើយ ភ្ញៀវបាត់លុយកាក់ ទ្រព្យសម្បត្តិ ដោយសារក្រុមស្ត្រីម៉ាស្សាដៃងាយ ហើយភ្ញៀវទៀតសោត ដឹងហើយឮហើយ តំបន់នោះល្បីខាងលួចលុយ នៅតែធ្វេសប្រហែស។
ជាក់ស្ដែងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ផ្ទុះរឿងស្រីម៉ាស្សាលួចលុយភ្ញៀវទៀតហើយ ដោយបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បាត់អស់លុយជាង១លានរៀល រត់ទៅប្តឹងប៉ូលិសទាំងយប់ ចុះទៅសាកសួរ ។
ជនរងគ្រោះ ឈ្មោះ មៀច តក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លុយបាត់អស់ចំនួន ១លាន៥ម៉ឺនរៀល។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ពិសារស្រាបៀអស់៣កំប៉ុង មានអារម្មណ៍មិនស្រួលខ្លួន វិលមុខ បើកម៉ូតូកង់បី ទៅចូលកោសជប់ នៅផ្ទះម៉ាស្សាខាងលើ ដោយមានស្ត្រី២នាក់ ជាអ្នកកោសជប់ គក់ច្របាច់ រួចរាល់ហើយ ដកលុយឲ្យថ្លៃឈ្នួល ទើបដឹងថា បាត់លុយ សួរនាំមិនបាន មានតែរត់ទៅប្តឹងប៉ូលិស កម្លាំងប៉ុស្តិ៍ចុះទៅ ក្រុមស្ត្រីម៉ាស្សាចំនួន ៣នាក់ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច បានស្ទុះចុះពីលើគ្រែ រត់ឡើងទៅសង្ងំលើផ្ទះ ប៉ូលិសហៅចុះមកវិញ ប្រកែកឈ្លោះ ជាមួយ ជនរងគ្រោះ រហូតដល់ដុតធូបស្បថស្បែ ហើយត្រូវបានសមត្ថកិច្ច ឃាត់នាំខ្លួន ស្ត្រីថៅកែ និងស្ត្រីម៉ាស្សា២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្ទះម៉ាស្សានៅតាមផ្លូវ២០០៤ មួយចំនួនស្ត្រីៗ ជាចោរលួចលុយភ្ញៀវ សូមបងប្អូនប្រជាពលរដ្ឋ ដែលរត់ទៅរកសេវាកោសជប់ ប្រុងប្រយ័ត្ន ស្ត្រីម៉ាស្សាផ្លូវ២០០៤ ៕
មតិយោបល់