ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្ទះលក់ចាប់ហួយក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ត្រូវបានគេកាប់ ជាច្រើនពូថៅ ស្លាប់នៅក្នុងផ្ទះ សង្ស័យម្ដាយបង្កើត ជាអ្នកសម្លាប់ ។
ជនរងគ្រោះមានឈ្មោះ កង ច័ន្ទសុខុម អាយុ៣២ឆ្នាំ និងជាយោធា ស្នាក់នៅចំនុចកើតហេតុខាងលើ មានប្រពន្ធឈ្មោះកែវ ស្រីភឿក អាយុ២២ឆ្នាំ មុខរបរលក់ចាបហ៊ួយ មានកូនស្រីម្នាក់ ចំណែកម្តាយបង្កើត ដែលជាជនសង្ស័យ មានឈ្មោះហាស់ សុភាព អាយុ៥៩ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារខាងលើនេះ តែងតែឈ្លោះប្រកែកគ្នា ស្ទើរតែរៀងរាល់ថ្ងៃ លុះនៅមុន ពេលកើតហេតុ ប្រពន្ធនិងម្តាយបង្កើត បានឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ។ ជាច្រើនម៉ោងក្រោយមក ម្តាយជនរងគ្រោះ បានមកប្រាប់ប្រពន្ធជនរងគ្រោះ ដែលកំពុងដេក ( មិនស្រួលខ្លួន) នៅខាងមុខផ្ទះថា ឈប់ពិបាកចិត្តទៀតទៅ អញសម្លាប់វាចោលហើយ រួចក៏ដើរចេញទៅបាត់ទៅ ។ ជនសង្ស័យបានប្រាប់អ្នកជិតខាងថា «អាខុមស្លាប់ហើយ ឱ្យឳវាមកធ្វើបុណ្យផង »
រីឯប្រពន្ធជនរងគ្រោះ ដោយភ័យស្លន់ស្លោរពេក បានចាក់សោផ្ទះ រួចចេញទៅផ្ទះអ៊ុស្រី ។ បន្ទាប់មក ទើបអ្នកជិតខាងចូលទៅមើល ឃើញសភាពជនរងគ្រោះ ដេកស្លាប់ ដោយសារកាប់ជាច្រើនពូថៅ ចំផ្នែកក្បាល និងសមត្ថកិច្ច ខលហៅប្រពន្ធជនរងគ្រោះ មកសាកសួរ ក្រែងមានជាប់ពាក់ព័ន្ធ និងធ្វើកំណត់ហេតុវិញ ។ កន្លងមកជនសង្ស័យមានជំងឺប្រចាំកាយ សសៃប្រសាទ គួបផ្សំនឹងកំហឹងឈ្លោះទាស់ទែងប្រចាំថ្ងៃផង ។
ក្រោយការសាកសួរ និងពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីនេះគឺម្ដាយបង្កើត បានយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលកំពុងដេកលង់លក់ រួចគេចខ្លួនបាត់ ៕
មតិយោបល់