ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ ហើយជិះរត់គេចត្រូវពលរដ្ឋស្វាគមន៍ម្នាក់១ដៃ១ជើង ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩២ ស្ថិតសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីលួច។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ស៊ុន ថាស័ក្ដិសិទ្ធិ អាយុ ២០ ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
២/ឈ្មោះ ជា តូច អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទាប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-5786 ឌុបគ្នាតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ ក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់កំពុងដើរលើចិញ្ចើមផ្លូវប៉ុន្តែមិនបានសម្រេច ភ្លាមនោះក្រុមជនសង្ស័យព្យាយាមបើកម៉ូតូគេច តែត្រូវសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតប្រទះឃើញក៏ជិះម៉ូតូដេញតាមពីក្រោយក្រុមជនសង្ស័យ ពេលនោះក្រុមជនសង្ស័យភ័យខ្លាំងពេកបានដួល ត្រង់ចំណុចក្បែរផ្សារទំនប់ ហើយប្រជាជនពលរដ្ឋនាំគ្នាជួយធ្វើការចាប់ជនសង្ស័យនិងស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសបែកក្បាល ចំណែកជនរងគ្រោះចេញពីកន្លែងកើតហេតុមិនទៅដាក់ពាក្យបណ្ដឹងនោះទេ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់