ក្រចេះ ឧបករណ៍ នេសាទខុសច្បាប់ជាច្រើនប្រភេទមានដូចជាស្បៃមុង សាច់អួនក្រលាញឹក និងដាយចាប់ត្រី ត្រូវបានកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ ក្រោមការចង្អុលបង្ហាញពីលោកនាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀន គិន នាយខណ្ឌជលផលក្រចេះ សហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងគណៈបញ្ជាកាការឯកភាពស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកអភិបាលរងស្រុក កែម ហៀង ព្រមទាំងសហគមន៍នេសាទ បានចុះប្រតិបត្តិការចាប់បង្ក្រាបកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងមក ស្ថិតនៅចំណុចព្រែករកា ព្រែកទួលសាលា បឹងដែង ក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយរងខណ្ឌ រដ្ឋបាលជលផលក្រចេះ ដែល បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះសហការបង្ត្រាបបទល្មើស នេសាទនាពេលនោះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការចាប់ឃាត់ និងបំផ្លាញចោលនូវវត្ថុតាងនៃបទល្មើស មួយចំនួនរួមមាន រឹបអូសដាយចាប់ត្រីដាក់តាមដងព្រែករកា ចំនួន០៣វង់ ,របាំងស្បៃមុងចំនួន១០ខ្សែប្រវែងជិត១ពាន់ម៉ែត្រ ,លូស្បៃមុងចំនួន១០មាត់លូ,របាំងសាច់អួនក្រលាញឹកតូចជាង១,៥សង់ទីម៉ែត្រចំនួន១១ខ្សែប្រវែងជិត៨០០ម៉ែត្រ,លបធ្វើពីសាច់អួនក្រលាញឹកតូច ជាង១,៥សង់ទីម៉ែត្រ មានចំនួន១៤គ្រឿង, កាប់បំផ្លាញចោលបង្គោលចម្រឹងឬស្សីចំនួនជាង៣០០ដើម និងបានចាក់ លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិជាង១០០គីឡូក្រាមផងដែរ។
លោកនាយរងខណ្ឌបានឲ្យដឹងបន្តថា កិច្ចសហការរវាងមន្ត្រីជំនាញ និងអាជ្ញាធរស្រុកចុះបង្ក្រាបបទល្មើសនេសាទ នៅពេលនេះគឺមានសារៈប្រយោជន៍២យ៉ាងដែលជាគោលបំណងចង់បានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ រួមមានទី១ លុបបំបាត់ចោលនូវឧបករណ៍នេសាទល្មើសច្បាប់ដូចជាស្បៃមុង និងសាច់អួនក្រលាញឹកដែលវាបាន បំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ។ ម៉្យាងវិញទៀតគឺអាចធ្វើឲ្យហ្វូងធំតូចចរាចរចេញទៅទន្លេបានស្រួលផង។ ទី២ ឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការ បង្កបង្កើនផល ពិសេសការធ្វើស្រែប្រាំង និងដាំបន្លែបង្កាផ្សេងៗ ព្រោះតែទឹករនាមអាចហូរទៅទន្លេបានលឿន មិនបណ្តាលឲ្យចាល់ឡើយ ។
លោក សៀន គិន នាយខណ្ឌ រដ្ឋបាលជលផលក្រចេះ បាន បញ្ជាក់ឲ្យដឹងថា កិច្ចការទាំងអស់ខាងលើគឺមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះលោកបានជំរុញឲ្យមន្ត្រីជំនាញក្រោមឱវាទទាំងអស់ត្រូវតែបង្កើនកិច្ចសហការឲ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពស្រុក សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សា ការពារ អភិរក្សធនធានជលផលឲ្យនៅស្ថិតស្ថេរគង់វង្សសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត ជាពិសេស គឺដើម្បីបំពេញតម្រូវការជាម្ហូបអាហារប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជាយើងតាមរយៈការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទគ្រួសារ ៕
មតិយោបល់