ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូ ផ្ដាច់ជីវិតយុវជនម្នាក់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១
ម៉ោង ១១និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីលើផ្លូវជាតិលេខ១ចន្លោះKM២៨-២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាកMITSUBISHI FUSO ពណ៌ស.ប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3A-7856 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0404 អ្នកបើកបរដោយជន មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បាត់ ដែលបើកមានទិសដៅពីអ្នកលឿង ទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាកYAMAHA SIRIUS RC ពណ៌ខ្មៅ ប្រភេទស្រី គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ថុន សិលា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត ខូចស្រាល ០១គ្រឿង និងម៉ូតូខូចធ្ងន់០១គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនីតិវិធី។

សន្និដ្ឋានបឋម៖ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នបើករំលោភចូលចំណែកផ្លូវ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ៕

មតិយោបល់