ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌសែនសុខដេកលែងលក់ទៀតហើយ លេងសុទ្ធតែប្រើកាំភ្លើងភ្ជុងប្លន់ យកម៉ូតូជនរងគ្រោះអស់១គ្រឿងមិនរំខានដល់លោកអធិការទេ…

ភ្នំពេញ: កាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចចក្រចូលវត្តបារមីវង្គត់បុរី តាមបណ្ដោយផ្លូវបេតុង ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីប្លន់មួយកើតឡើង។

ជនរងគ្រោះឈ្មោះ ភឹន ស៊ីណា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ ក្រោយចេញពីធ្វើការជនរងគ្រោះបានខ្ចីម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពីក្មួយប្រុសជិះទៅលេងផ្ទះប្អូននៅម្តុំព្រៃទារ ពេលទៅដល់ពួកគាត់ក៏មានការផឹកស៊ីបន្តិចបន្តួច រួចជិះម៉ូតូចេញមកវិញដោយជូនប្អូនត្រឡប់ទៅផ្ទះនៅឯផ្សារទឹកថ្លា។ ហើយជនរងគ្រោះក៏ត្រឡប់ទៅផ្ទះខ្លួនវិញនៅឯស្ទឹងមានជ័យ អំឡុងពេលធ្វើដំណើរដល់ចំណុចខាងលើជួបជាមួយនឹងក្រុមជនសង្ស័យចំនួន ២នាក់កំពុងឈប់ចតម៉ូតូនៅលើចិញ្ចើមផ្លូវ។ ភ្លាមនោះជនរងគ្រោះដឹងថាជិះខុសផ្លូវក៏បត់ត្រឡប់ទៅក្រោយវិញ ស្រាប់តែក្រុមជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះធ្លាក់ពីលើម៉ូតូ ហើយយកម៉ូតូជនរងគ្រោះបម្រុងជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះស្ទុះងើបទៅប្រតាយប្រតប់រំពេចនោះជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដើមពីចង្កេះភ្ជុងគំរាមបាញ់ ប៉ុន្តែជនរងគ្រោះមិនស្ងាមឡើយដោយស្ទុះទៅចាប់កាំភ្លើងរបស់ជនសង្ស័យនិងប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាលឈាមស្រោចខ្លួន។ ចំណែកឯជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកបង់កាំភ្លើងខ្លីមួយដើមនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដឹកជនរងគ្រោះរួមទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្ដឹងស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ករណីខាងលើនេះ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខកំពុងតែមានការព្រួយបារម្ភដេកមិនលក់បក់មិនល្ហើយ ដោយសារតែមានបទល្មើសកើតឡើងទៀតហើយលែងសុទ្ធតែប្រើកាំភ្លើងភ្ជុងប្លន់ ចំណែកសមត្ថកិច្ចវិញឃើញល្បាតតែពេលព្រលប់យប់ជ្រៅរត់ចូលប៉ុស្តិ៍អស់ តើឲ្យពួកគាត់សង្ឃឹមយ៉ាងណាតើភូមិ/ឃុំមានសុវត្ថភាពនៅត្រង់ណាដែរ ជាពិសេសលោកសខេតស្នងការនគរបាលរាជធានីភ្នំពេញ គួរតែជម្រុញលោកអធិការខណ្ឌសែនសុខនិងលោកមេប៉ុស្តិ៍ទឹកថ្លាឲ្យមានការល្បាត២៤ម៉ោងលើ២៤ផង កុំទុកបញ្ហាខាងលើនេះបន្តឲ្យពលរដ្ឋរិះគន់ជារឿងដដែលពេក៕

មតិយោបល់