ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ តាមបណ្តាញសង្គមអ៊ីស្តាក្រាម (Instagram)

ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមបណ្តាញសង្គមអ៊ីស្តាក្រាម (Instagram)
ដោយជនសង្ស័យបានឆាតមកសុំរាប់អានជាមិត្តភក្តិ និងនិយាយគ្នាលេង បន្ទាប់មកជននោះបានប្រាប់ជនរងគ្រោះថា ថ្ងៃស្អែកជាថ្ងៃបុណ្យកំណើតរបស់គេ ចង់ឲ្យជនរងគ្រោះទទួលអីវ៉ាន់ពីគេ ដើម្បីជួយបរិច្ចាគ ទៅចាស់ជរា និងក្មេងកំព្រា ហើយជនរងគ្រោះបានយល់ព្រម។

ជនឆបោកនោះបានផ្ញើរូបភាពមានដូចជា សម្លៀកបំពាក់ ទូរសព្ទដៃ និងប្រាក់មួយចំនួន រួចប្រាប់ថា អីវ៉ាន់ផ្ញើចេញទៅហើយ បន្ទាប់មកក៏មានអ្នកទាក់ទងមកជនរងគ្រោះប្រាប់ថា ជាក្រុមហ៊ុនដឹកជញ្ជូន នៅព្រលានយន្ដហោះ មានអីវ៉ាន់ផ្ញើមកពី Dubai ឲ្យមកទទួល ដោយតម្រូវឲ្យបង់ថ្លៃដឹកជញ្ជូន និងថ្លៃសេវារដ្ឋបាល និងយកលេសឲ្យជនរងគ្រោះផ្ញើប្រាក់តាមភ្នាក់ងារវីង ជាបន្តបន្ទាប់ តែមិនឃើញមានសម្ភារៈផ្ញើមកជនរងគ្រោះទេ។

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាជនសង្ស័យដកប្រាក់។ បន្ទាប់មកនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៤និង៤០នាទី កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើប្រតិបត្តិការ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ឈ្មោះ HAMADOU ABDOU ភេទប្រុស សញ្ជាតិនីហ្សេរីយ៉ា ជនជាតិនីហ្សេរីយ៉ា នៅចំណុចមុខផ្ទះ១៣E០ ផ្លូវ១៨៥ ក្រុម០៧ ភូមិ០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងនាំជនសង្ស័យមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់