ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូង ច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែទី២ តាមបណ្ដោយផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែត្រូវក្រុមចោរ ធ្វើសកម្មភាពដកកាំភ្លើង ភ្ជង់ប្លន់យកម៉ូតូ បានសម្រេច។
ជនរងគ្រោះមិនប្រាប់អត្តសញ្ញាណនោះទេ គ្រាន់តែអះអាងថាជាមន្ត្រីយោធា។
ប្រភពពីជនរងគ្រោះ បាននិយាយថា នៅមុនកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 011-1706 ធ្វើដំណើរចេញពីផ្ទះមិត្តភក្តិ បំណងទៅផ្ទះវិញ នៅក្នុងបុរីវិមានភ្នំពេញ។
លុះមកដល់ចំណុចកើតហេតុ ចំពេលផ្លូវកំពុងស្ងាត់ផង ស្រាប់តែត្រូវក្រុមជនសង្ស័យ មានគ្នាចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកមកពីក្រោយ រួចជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានដកកាំភ្លើងខ្លីមួយដើម មកភ្ជង់គំរាមជនរងគ្រោះ ហើយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ មួយរយៈនេះ នៅទីក្រុងភ្នំពេញ ហាក់បីដូចជាមិនថយសោះបទល្មើស ឆក់ប្លន់ ធ្វើឲ្យពលរដ្ឋនៅតែមានការព្រួយបារម្ភ ខណៈសមត្ថកិច្ច មិនមានចំណាត់ការអាចទប់ស្កាត់បាន។
ប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅដល់លោក ស ថេត មេត្តាជួយជំរុញលោកអធិការខណ្ឌ ឲ្យមានការល្បាតជាប្រចាំផង ព្រោះតាំងពីទ្បើងតំណែងថ្មីមក ហាក់បីដូចជា អសមត្ថភាព ចំពោះការបង្ក្រាបបទល្មើស ក្នុងដែនសមត្ថកិច្ច ដែលខ្លួនគ្រប់គ្រង ខណៈរូបលោក ត្រូវបានគេដឹងថា ធ្លាប់មានបទពិសោធន៍ជំនាញខាងព្រហ្មទណ្ឌជាច្រើនឆ្នាំផងនោះ៕





មតិយោបល់