ព័ត៌មានជាតិ

រថយន្តកូរូឡាពន្លះរថយន្តហាយឡែនឌឺពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួស៤នាក់

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើងលេខ០៤៨០-០៤៨១ ស្ថិតភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កូរូឡា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2V-4640 បើកបរដោយឈ្មោះ ប៊ុនចាន់ ស៊ីសុវត្ថិ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបើកវ៉ាជែងរថយន្តមួយគ្រឿងស្របគ្នា ទិសដៅពីលិចទៅកើតក៏រេចង្កូតទៅខាងឆ្វេងដៃ ខណៈនោះមានរថយន្ត មួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-1881 បើកបរដោយឈ្មោះ សឿន មិនា ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិតាអ៊ិន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកចំពាក់កណ្តាលចំហៀងខាងស្តាំពេញមួយទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរូឡាម្នាក់ឈ្មោះ ឃឿន ប៊ុនធា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រុកសៀមរាប ស្លាប់នឹងកន្លែងចំណែកម្នាក់ទៀតរបួសធ្ងន់ រីឯអ្នកជិះក្នុងរថយន្តហាយឡែនឌឺម្នាក់ រងរបួសធ្ងន់ និងឈ្មោះ ទីង គង់ ភេទស្រី អាយុ ៤៦ ឆ្នាំ រស់នៅភូមិតាអ៊ីន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ របួសបាក់ កដៃស្តាំ ហើយអ្នកបើកបររថយន្តរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់