ព័ត៌មានជាតិ

ជនសង្ស័យប្ដីប្រពន្ធ ២នាក់ ធ្វើសកម្មភាពលួច.. នៅបុរីទួលសង្កែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ កាលពីវេលាម៉ោង៨ កន្លះយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល សមត្ថកិច្ច បានឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ ពាក់ពាក់ករណីលួច កម្ទេចខ្សែភ្លើង។

ជនសង្ស័យទី១ឈ្មោះ ហែល ដារា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២ ឈ្មោះ រ័ត្ន គន្ធី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឌីម៉ង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករ មានទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកខ្សែភ្លើង ពីកន្លែងបន្ទប់ទឹក ដែលដាក់ក្នុងកេស ក្បែរជញ្ជាំង ហើយច្រកចូលក្នុងថង់ក្រណាត់ ដាក់លើម៉ូតូ រួចជិះចេញ ក៏ត្រូវសន្តិសុខយាមពិនិត្យឃើញ តែម្តង ឃាត់ខ្លួនរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក Zoomer ចំនួន១គ្រឿង ជារបស់ជនរងគ្រោះ និងខ្សែភ្លើងខ្លីៗ ១ថង់ក្រណាត់។

សូមបញ្ជាក់៖ ករណីខាងលើនេះ លោកអធិការស្រុកល្វាឯម បានប្រាប់ Post News ថា នៅល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យទាំងពីរនាក់នេះ លោកបានឆ្លងយោបល់ទៅថ្នាក់លើ ឲ្យធ្វើការអប់រំ រួចដោះលែងត្រលប់ទៅផ្ទះវិញហើយ ព្រោះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ៕

មតិយោបល់