មណ្ឌលគិរីៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនត្រូវចោទឈ្មោះជីល ប៊ុននឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈជននេះកំពុងប្រើប្រាស់រណារយន្តអារច្រៀករំលំដើមឈើ នៅត្រង់ចំណុចស្រែអំពុយ ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ក្រោយការចាប់ឃាត់ខ្លួន មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានដកហូតវត្ថុតាងរួមមាន កាំភ្លើងអាកាស្វ័យបត់ចំនួន១ដើម, គ្រាប់កាំភ្លើងអាកាចំនួន១០គ្រាប់ និងរណារយន្តចំនួន១គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។
បច្ចុប្បន្នជនត្រូវចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ននៅក្នុងខេត្តមណ្ឌលគិរី៕
មតិយោបល់