កំពង់ស្ពឺៈ សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ក្រោយបង្កហិង្សា យកកាំបិតដេញកាប់ទៅលើបុរស២នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិច្រាមត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ ធ្លក ចេក ហៅទី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះទី១ ឈ្មោះ អំ សំអុល ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិដុតកំបោ ឃុំព្រះនិព្វាន ស្រុកគងពិសី និងទី២ឈ្មោះ ឌឿន ឌីរី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា រឿងហេតុ ដោយសារជនរងគ្រោះទាំង២នាក់ ថាឲ្យជនសង្ស័យ មិនខំប្រឹងប្រែងធ្វើការ គិតតែដើរលេង ធ្វើឲ្យជនសង្ស័យខឹង យកកាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះទាំង២នាក់បណ្ដាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅសួរនាំ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់