ព័ត៌មានជាតិ

រថយន្ត Ford បុកម៉ូតូ ២នាក់ប្ដីប្រពន្ធ ទើបត្រឡប់ចេញពីធ្វើការ រងរបួសធ្ងន់ ជាងនេះទៀតអ្នកកាសែតកំពុង Live និងសមត្ថកិច្ចគូសវាស មាន CRV មកបុករះបន្តផ្ទួនៗគ្នា

ភ្នំពេញ: កាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បុកផ្ទួនៗរវាងរថយន្តបុកម៉ូតូ ស្ថិតតាមណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្ត ២គ្រឿង៖
១/រថយន្តបង្កម៉ាក Ford ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-2717 មិនស្គាល់អ្នកបើកបរ។
២/រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2M-1745 បើកបរដោយអ៊ំវ័យចំណាស់ ២នាក់។
ខូចខាតម៉ូតូចំនួន ៤គ្រឿង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ប្ដីប្រពន្ធ ២នាក់ បើកបរម៉ូតូម៉ាក ហុងដា ឌ្រីម មួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចខាងលើ មានរថយន្ត Ford មួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន មកបុកម៉ូតូចំពីមុខ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់បាក់ជើងទាំង ២នាក់ ក្រោយពីកើតហេតុត្រូវបានបញ្ជូន ទៅសម្រាកព្យបាលនៅមន្ទីរពេទ្យ រំលងមិនបានប៉ុន្មាននាទីផង ក៏លេចរថយន្តម៉ាក CRV មួយគ្រឿងទៀត បើកបរដោយអ៊ំវ័យចំណាស់ប្ដីប្រពន្ធ ២នាក់ មកបុករះម៉ូតូពលរដ្ឋ និងសមត្ថកិច្ចសម្រួលចរាចរណ៍ បង្កឲ្យអ្នកកាសែតកំពុងឈរ Live ប៉ូលិសគូសវាសរត់គេចសឹងតែមិនទាន់។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ចំណែកវត្ថុតាងទាំងអស់ ជំនាញការិយាល័យធ្វើការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់បន្តតាមនីតិវិធី៕

មតិយោបល់