ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន ជនបរទេស៤នាក់ ពាក់ព័ន្ធរឿងជម្រិតទារប្រាក់

ភ្នំពេញៈ ទីបំផុតទៅតុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើជនបរទេស ៤នាក់ពាក់ព័ន្ធនឹងករណី ជម្រិតទារប្រាក់។

យោងតាមការបញ្ជាក់របស់ លោក ហ៊ឹង ប៊ុនថន តំណាងអយ្យការ បានបញ្ជាក់តាមទូរស័ព្ទថា លោកបានចោទប្រកាន់លើ៖
-ទី១ឈ្មោះ Sun Huaming Kane ភេទប្រុស ជនជាតិសឹង្ហបុរី
-ទី២ឈ្មោះ Ahrun ភេទប្រុស ជនជាតិ ឥណ្ឌា
-ទី៣ឈ្មោះ Yee Vincent ភេទប្រុស ជនជាតិ ម៉ាឡេស៊ី
-ទី៤ឈ្មោះ James ភេទប្រុស ជនជាតិសឹង្ហបុរី

ពីបទ គំរាមកំហែងថា នឹងសម្លាប់ដោយបានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ លើជនរងគ្រោះឈ្មោះ Chang Win Hui ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ម៉ាឡេស៊ី ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ២៣៤នៃក្រមព្រហ្មទណ្ឌ។

លោកតំណាងអយ្យការបានបញ្ជាក់ថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី ភ្នំពេញបាន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង៤នាក់ខាងលើហើយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យជាជនបរទេសចំនួន ៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី គម្រាមជម្រិតទារប្រាក់ ចំនួន ៥០០០ដុល្លារ តាមបណ្ដាញទំនាក់ទំនងសង្គម Wechat ពីជនរងគ្រោះឈ្មោះ Chang Win Hui ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧៕

https://youtu.be/gY-Q48BsN9c

មតិយោបល់