ព័ត៌មានជាតិ

អាវុធហត្ថក្រុងភ្នំពេញបង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីប្លន់សម្លាប់និស្សិតឆ្នាំទី៣ នៅខណ្ឌសែនសុខ

ភ្នំពេញៈ មន្ត្រីអាវុធហត្ថក្រុងប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង២០ និង៣០នាទី យប់ ស្ថិតនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីប្លន់សម្លាប់ទៅលើជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើសប្រើឈើជ្រុងយ៉ាងធំវាយទៅលើក្បាលរបស់ជនរងគ្រោះរហូតដល់ស្លាប់។

ដោយមុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទី៣នេះ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេម ដែលទុកចោលយូរហើយ ដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី ខណះពេលជនរងគ្រោះកំពុងរង់ចាំទទួលទេវតាឆ្នាំថ្មីនោះ ជនរងគ្រោះបានបើកម៉ាស៊ីនហ្គេមដែលទុកចោលនោះលេង ហើយជនល្មើសដែលជាអ្នកស្គាល់គ្នា បានចូលមកសុំលេង ហើយក៏ឆ្លៀតឱកាសវាយប្លន់ជនរងគ្រោះយកកាបូបតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញាបាន លុះដល់យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ត្រូវជាថ្ងៃគម្រប់ខួប៧ថ្ងៃរបស់ជនរងគ្រោះ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវដឹងថា ជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ (ជនដៃដល់) បានលាក់ខ្លួននៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចុះទៅចាប់ជនលើ្មសម្នាក់នេះដល់ទីកន្លែង ដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ស្រុកអង្គស្នួលផងដែរ និងបន្ទាប់មកបានស្រាវជ្រាវទាំងយប់ បន្តទៅចាប់បក្ខពួក២នាក់ទៀត នៅវេលាទាបភ្លឺយប់ដដែល មានឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ (ជនដៃដល់) និង ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ដោយមានការសហការពីកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រុកបូរីជលសា។

តាមចម្លើយសារភាពរបស់ជនល្មើសទាំងបីនាក់បានប្រាប់ថា កន្លងមកក្រុមពួកគេធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដងមកហើយ ដូចជាករណី ឆក់ខ្សែក នៅចំណុចរង្វង់មូលចោមចៅ , លួចអាគុយនៅឃ្លាំងធ្វើឡាន៥៩៨ ផ្លូវជា សុផារ៉ា , លួចម៉ូតូ នៅរោងទិញអេតចាយ សង្កាត់ភ្នំពេញថ្មី និងចុងក្រោយប្លន់សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុយដែលទទួលបានពីការលួច ឆក់ ប្លន់ គឺពួកគេបានចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀន ក្នុងនោះឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុក កាលពីឆ្នាំ២០០៨ ផងដែរ បច្ចុប្បន្នជនល្មើសទាំង៣នាក់ ដែលឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

photo_2016-04-20_14-00-19 photo_2016-04-20_14-00-22 photo_2016-04-20_14-00-23 photo_2016-04-20_14-00-20 photo_2016-04-20_14-00-21 (2) photo_2016-04-20_14-00-21 photo_2016-04-20_14-00-18photo_2016-04-20_14-04-51

មតិយោបល់