ភ្នំពេញៈដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានសម្ពោធការបោះផ្សាយមូលបត្រ ជាសាធារណៈលើកដំបូងរបស់ខ្លួនហៅកាត់ថា (IPO) នាថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ នៅសណ្ឋាគាររ៉ាហ្វហ្វលឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញហើយគ្រោងចុះបញ្ជីដាក់លក់ហ៊ុន លើកដំបូងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកស្រី លឹម ឈីវហូ អគ្គនាយកក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ IPO ថា “ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាសួនឧស្សាហកម្មដំបូង និងក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរបី ដែលត្រូវបានចុះបញ្ជីលើផ្សារហ៊ុនកម្ពុជា”។
លោកស្រីអគ្គនាយកបានបន្តថា ការបើកសម្ពោធផ្សារហ៊ុននេះ វាគឺជាឱកាសដ៏សំខាន់ មិនត្រឹមតែក្រុមហ៊ុនប៉ុណ្ណោះទេ តែសម្រាប់កម្ពុជាទាំងមូល ព្រោះនេះជាការចុះបញ្ជីលើកដំបូង នៃតំបន់ឧស្សាហកម្មធំនៅលើផ្សារហ៊ុនកម្ពុជា។
លោកស្រីអគ្គនាយកបានបង្ហាញជូន ពីសក្កដានុពលរបស់ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ីថា សព្វថ្ងៃជាតំបន់សេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា ហើយភាគច្រើននៃអ្នកវិនិយោគ ជាក្រុមហ៊ុនល្បីៗខ្នាតអន្តរជាតិ ពួកគេបានទទួលផលប្រយោជន៍ពីការលូតលាស់ជាស្តងដាអន្តរជាតិ នៃហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព និងការគ្រប់គ្រងបានយ៉ាងល្អ។ តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ បានបង្កើតឡើងជាង១០ឆ្នាំមកហើយ បច្ចុប្បន្នមានក្រុមចំនួន៧៦កំពុងប្រតិបត្តិករ និងការវិនិយោគសរុបប្រមាណ៤៦០លានដុល្លារអាមេរិក ។
លោក Hiroshi Unmatsu នាយកប្រតិបត្តិ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី លើកឡើងថា “យើងបានធ្វើការយ៉ាងស្វិតស្វាញក្នុងការទាក់ទាញក្រុមហ៊ុនផលិតរបស់ជប៉ុនមកកាន់កម្ពុជា និងនាំមកជាមួយនូវវិស័យឧស្សាហកម្មទំនើបៗ ដើម្បីចូលរួមចំណែកក្នុងឧស្សាហកម្មហូបនីយកម្មរបស់ប្រទេសកម្ពុជា និងបន្តដំណើរទៅមុខក្នុងភាពលូតលាស់”។
លោកបន្តថា ការសម្ពោធជូនជាសាធារណៈនេះ មានគោលបំណងយកទឹកប្រាក់ ១១,៦លានដុល្លារ ទៅវិនិយោគក្នុងការពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងបង្កើនផ្ទៃដីសម្រាប់លក់ជូនអតិថិជន។ ទន្ទឹមនេះក្រុមហ៊ុនគ្រោងនិងវិនិយោគ៨,៥៤លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ខ្លួននៅព្រំដែនថៃ (ប៉ោយប៉ែត ភ្នំពេញ អេសអ៊ីសហ្សិត) នៅក្រុងប៉ោយប៉ែត។
លោក Fong Nee Wai ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនលើកឡើងថា វេទិកានេះ ដើម្បីចែករំលែកព័ត៌មានហិរញ្ញវត្ថុជាមួយវិនិយោគិនមានសក្កដានុពល ដោយរំពឹងទុកលើផលចំណេញ ត្រឡប់មកវិញដល់វិនិយោគិន ព្រោះថា ភ្នំពេញ អេសអ៊ីសហ្សិត ជាក្រុមហ៊ុនអចលនទ្រព្យដ៏សំខាន់ ធ្វើឲ្យតម្លៃភាគហ៊ុននេះនឹងកើនឡើង។
លោកបញ្ជាក់ថា តម្លៃហ៊ុនត្រូវបានកំណត់ក្នុងរយៈពេលធ្វើប៊ុកបៀលឌីង ពីថ្ងៃទី១៨មេសា និងបញ្ចប់ថ្ងៃទី២២នេះ គឺចាប់ពី០,៧០ដុល្លារ ដល់ទៅ១ដុល្លារអាមេរិក ក្នុងភាគហ៊ុន ហើយក្រុមហ៊ុននឹងផ្តល់ជូនរហូតដល់ទៅ១១,៦លានហ៊ុន នៅលើផ្សាហ៊ុនកម្ពុជា (CSX) ដែលតំណាងឲ្យ២០ភាគរយនៃភាគហ៊ុនបានចេញ៕
មតិយោបល់